ព័ត៌មានជាតិ

ប្រទេស៦ជួយជ្រោមជ្រែងដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅសៀមរាប

ប្រទេសចំនួន៦ នៃអនុតំបន់ទន្លេមេគង្គ បានជួបពិភាក្សាគ្នា កាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំប្រជុំ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កម្ពុជានិងឯកអគ្គរដ្ឋទូតឥណ្ឌា ដើម្បីជំរុញឱ្យបណ្ដាប្រទេសទាំងនោះ បន្ថែមផលិតផលថ្មីៗ ព្រមទាំងជួយឧបត្ថម្ភជាថវិកាទ្រទ្រង់ដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី(សូត្រ)នៅក្នុងខេត្តសៀម ឱ្យកាន់តែមាននិរន្តរភាពនិងទាក់ទាញអ្នកចូលមកទស្សនាបានកាន់តែច្រើនថែមទៀត។

ក្រុមបណ្ដាប្រទេសអនុតំបន់នៃទន្លេមេគង្គ បានជួបពិភាក្សាទាំងនោះ គឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតឥណ្ឌា ឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា  តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម។

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងអស់បានពិភាក្សាទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា កំណត់ឲ្យភាគីកម្ពុជានិងឥណ្ឌារៀបចំសេចក្តីព្រាង អនុស្សារណៈនៃការយោគយល់គ្នាMOU ដើម្បីឱ្យភាគីទាំងអស់ពិនិត្យនិងធ្វើសេចក្តីសំរេចនៅពេលក្រោយ។ ភាគីទាំងអស់បានព្រមព្រៀងលើការខិតខំប្រឹងប្រែងធ្វើឱ្យសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីកាន់តែប្រសើរឡើងនូវធនធានមនុស្ស ជាពិសេសការបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗ​ដើម្បីដាក់តាំងបង្ហាញឱ្យកាន់តែសំបូរបែប។គ្រប់ភាគីត្រូវពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកាដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ។ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឲ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីសារមន្ទីរ​វាយនភណ្ឌប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ  ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា​កាន់តែច្រើន។

នៅក្នុងជំនួបពិភាក្សានេះ បណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ក៏បានប្រកាន់ជំហរជំរុញឲ្យគ្រប់ភាគីបន្ត​ទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែរលូននិងមានប្រសិទ្ធភាពខ្ពស់ សំដៅដល់ការបង្កើននូវបរិយាកាសសហការជិតស្និតរវាងគ្រប់ភាគីពាក់ព័ន្ធផងដែរ៕