អន្តរជាតិ

បាក់គម្របអណ្តូងប្រាសាទបុរាណនៅឥណ្ឌាស្លាប់មនុស្ស៣៥នាក់,របួសរាប់សិបនាក់

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់បានស្លាប់ និងរាប់សិបនាក់​ផ្សេងទៀតរងរបួសនៅភាគកណ្តាលប្រទេសឥណ្ឌា បន្ទាប់ពីគម្របអណ្តូងប្រាសាទមួយ​បានបាក់​និងធ្លាក់​មនុស្សចូលក្នុងនោះ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលសាសនិកឥណ្ឌា បានប្រមូលផ្តុំគ្នានៅប្រាសាទមួយ​ក្នុងទីក្រុង Indore ក្នុងរដ្ឋ Madhya Pradesh ដើម្បីប្រារព្ធពិធីបុណ្យហិណ្ឌូ Ram Navami កាលពីថ្ងៃព្រហស្បតិ៍ទី ៣០ ខែមីនា ឆ្នាំ២០២៣។ លោក Ilayaraja T ចៅក្រមស្រុក Indore បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រថា “យើងបានជួយសង្គ្រោះមនុស្ស ១៨ នាក់ ៣៥នាក់ត្រូវបានគេរកឃើញថាបានស្លាប់អស់ហើយ និង ១៦ នាក់បានរងរបួស”។

កាសែត Times of India បាននិយាយថា ការងារជួយសង្គ្រោះត្រូវបានពន្លឿនកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាមេរ៉ាក្រោមទឹកបង្ហាញសាកសពអណ្តែតនៅក្នុងទឹកភក់នៃអណ្តូង។ អ្នកជួយសង្គ្រោះជិត ១៤០ នាក់បានប្រើខ្សែពួរ និងជណ្ដើរដើម្បីទាញសាកសពចេញពីអណ្តូង បន្ទាប់ពីបូមទឹកចេញ។ ផ្លូវតូចចង្អៀត និងកម្ទេចកម្ទីនៅក្នុង  អណ្តូងបានធ្វើឱ្យកិច្ចការរុករកមានការពិបាក។

មន្រ្តីប្រចាំរដ្ឋលោក Shivraj Singh Chauhan បាននិយាយថា រចនាសម្ព័ននៃអណ្តូងប្រាសាទបុរាណ​បានបាក់ ដោយសារតែវាមិនអាចទប់ទល់នឹងទម្ងន់នៃក្រុមមនុស្សច្រើនលើសលប់។ យ៉ាងណាក៏ដោយ ជុំវិញសោកនាដកម្មនេះ អាជ្ញាធរបានបញ្ជាឱ្យស៊ើបអង្កេតលម្អិតបន្ថែមទៀត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា