សន្ដិសុខសង្គម

បញ្ជូនអនុប្រធាននាយកដ្ឋានម្នាក់ទៅ តុលាការសង្ស័យដកកាំភ្លើងភ្ជង់គេ

ភ្នំពេញ៖នគរបាលបានឃាត់ជនសង្ស័យម្នាក់ ជាអនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ករណីដកកាំភ្លើងខ្លីភ្ជង់និស្សិតម្នាក់ ត្រូវបញ្ជូនទៅតុលាការកាលពីល្ងាចថ្ងៃទី៣០ ខែមីនា។

សមត្ថកិច្ចខណ្ឌឫស្សីកែវបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមីនា បុរសម្នាក់​ជាអនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវ​បានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីដកកាំភ្លើងខ្លីភ្ជង់និស្សិតជាអ្នកជិតខាងម្នាក់ព្រោះរឿងចរាចរតាមផ្លូវ។

មន្ត្រីដដែលបានបន្តថា ករណីនេះបានកើតឡើងនៅក្នុងបុរីជីពម៉ុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ជនសង្ស័យឈ្មោះបែល វ៉ាន់ដែន អាយុ៣៨ឆ្នាំ ជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅបុរីជីពម៉ុង ភូមិសង្កាត់ខាងលើ។ចំណែកជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត អាយុ២២ឆ្នាំ ជានិស្សិត។ទាំង២នាក់នៅបុរីជីពម៉ុង ភូមិសង្កាត់ជាមួយគ្នា។

មុនហេតុការណ៍កើតឡើងបង្កពីរឿងចរាចរណ៍តាមផ្លូវ ធ្វើឱ្យអ្នកបើករថយន្តLand Rover ផ្លាកលេខភ្នំពេញ 2B-0199 ឈ្មោះបែល វ៉ាន់ដែន បានបើកដេញតាមចង់បុកអ្នកបើករថយន្តFord Ranger។រហូតមកដល់ផ្ទះក្នុងបុរីជីបម៉ុងផ្លូវជាសុផារ៉ា ហើយក៏បានដកកាំភ្លើងខ្លីភ្ជង់អ្នកបើករថយន្តFord Ranger។

ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ