សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យករណីប្រើខ្សែរឹតកសម្លាប់ប្លន់យកម៉ូតូទៅតុលាការ

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា បានចាប់ជនសង្ស័យ ករណីប្រើ​ខ្សែរឹតក​សម្លាប់ជនរងគ្រោះ ហើយប្លន់យកម៉ូតូពេលកន្លងទៅ ត្រូវបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស​តាមផ្លូវច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអំពើប្រើខ្សែរឹតកសម្លាប់បុរសម្នាក់រួចប្លន់យកម៉ូតូទៅបាត់។ មុនកើតហេតុជនសង្ស័យ​បានហៅម៉ូតូជិះពីក្រុងទៅស្រុកស្ទឹងហាវ ដោយឱ្យតម្លៃ៣០.០០០រៀល។

មកដល់កន្លែងស្ងាត់ ជនសង្ស័យបានយកខ្សែរឹតកម្ចាស់ម៉ូតូ ធ្វើឱ្យជនរងគ្រោះដួលសន្លប់​ហើយក៏យកម៉ូតូជិះរត់គេចខ្លួនតែម្តង ។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចាត់ផ្នែកជំនាញជាមួយនគរបាលស្រុកស្ទឹងហាវ សហការស្រាវជ្រាវរកឃើញម៉ូតូម៉ាកហុងដា ជារបស់ជនរងគ្រោះនៅក្នុងព្រៃក្រោយចំណោត​លោកយាយម៉ៅ។

ដល់ថ្ងែទី៣០ ខែមីនា សមត្ថកិច្ចចាប់ជនសង្ស័យនៅម្តុំតោ២។ក្នុងនោះដកហូតវត្ថុតាងម៉ូតូ១គ្រឿង​និងទូរសព្ទ១គ្រឿង។ ជនសង្ស័យឈ្មោះ វង ស៊ីណា អាយុ ៤០ឆ្នាំនៅ ក្រុងព្រះសីហនុ។ចំណែកជនរងគ្រោះឈ្មោះ ង៉ែត ហុកហួត អាយុ ៥៧ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា។

ជនសង្ស័យបានឆ្លើយថា ខ្លួនបានប្រើខ្សែរឹតកសម្លាប់ម្ចាស់រួចប្លន់យកម៉ូតូពិតប្រាកដមែន ៕ដោយ៖វិចិត្រ