សន្ដិសុខសង្គម

នឹងនាំបុរសម្នាក់ទៅតុលាការរឿងប្រើកាំបិតផ្គាក់កាប់ពូសាច់ថ្លៃឱ្យរបួសធ្ងន់

បាត់ដំបង៖នគរបាលស្រុកថ្មគោល បានឃាត់ខ្លួនជនដៃដល់ម្នាក់ ករណីប្រើកាំបិតផ្គាក់កាប់​ទៅលើពូសាច់ថ្លៃឱ្យរងរបួសធ្ងន់ ហើយនគរបាលខេត្តត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមីនា នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីប្រើកាំបិតផ្គាក់កាប់មនុស្សឱ្យរងរបួសធ្ងន់។ ជនសង្ស័យឈ្មោះ ប៉ែល សាវ៉ើន អាយុ២៥ឆ្នាំ នៅភូមិឃុំខាងលើ។ជនរងគ្រោះឈ្មោះ បុង វណ្ណៈ អាយុ៤៣ឆ្នាំ ត្រូវជាពូសាច់ថ្លៃ នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ត្រូវបាននាំទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលស្រុកថ្មគោល បានចុះឃាត់ខ្លួនជនសង័្សយនិងដកហូត កាំបិតផ្គាក់១។ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុមកពីមានទំនាស់​ពាក្យសម្តីគ្នានាពេលកន្លងមក។ជនសង្ស័យត្រូវបាននគរបាលស្រុកកសាងសំណុំរឿង​បញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ