អន្តរជាតិ

ទីបំផុតសភាតួកគីផ្តល់សច្ចាប័នឲ្យហ្វាំងឡង់ចូលជាសមាជិក NATO ហើយ  ខណៈដែលស៊ុយអែតនៅតែបន្តការរង់ចាំ

ទីបំផុតសភាប្រទេសតួកគីបានផ្តល់សច្ចាប័នឲ្យហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូហើយ ខណៈដែលស៊ុយអែតវិញនៅតែបន្តការរង់ចាំដដែល។

​សភារបស់ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ ខែមីនាសប្តាហ៍នេះ បានអនុម័តលើច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូជាសមាជិកជាផ្លូវការ ដោយជម្រះនូវមន្ទិលទាំងឡាយសម្រាប់ប្រទេសនេះ ក្នុងការក្លាយជាផ្នែកមួយនៃសម្ព័ន្ធភាពការពារ​លោកខាងលិច ខណៈដែលមានសង្រ្គាមកំពុងឆាបឆេះនៅអ៊ុយក្រែន។ សភាតួកគីគឺជាសមាជិក​ចុងក្រោយក្នុងចំណោមសមាជិកទាំង ៣០ នៃសម្ព័ន្ធភាពដែលផ្តល់សច្ចាប័នលើសមាជិកភាព​របស់ប្រទេសហ្វាំងឡង់ បន្ទាប់ពីសភារបស់ប្រទេសហុងគ្រីបានអនុម័តច្បាប់ស្រដៀងគ្នានេះ​កាលពីដើមសប្តាហ៍។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ធ្លាប់បាននិយាយកាលពីដើមខែមីនាថា ប្រទេសហ្វាំងឡង់បានធានាការប្រសិទ្ធពររបស់ប្រទេសតួកគី បន្ទាប់ពីបានចាត់វិធានការជាក់ស្តែង​ដើម្បីរក្សាការសន្យាក្នុងការបង្រ្កាបក្រុមដែលគេមើលឃើញដោយទីក្រុងអង់ការ៉ាថាជាភេរវករ និងរំដោះការនាំចេញផ្នែកការពារជាតិ។ ក៏ប៉ុន្តែស៊ុយអែតវិញមិនបានផ្តល់នូវការទាមទារចាប់បញ្ជូន​ក្រុមប្រឆាំងក្រៅប្រទេសមកឲ្យតួកគីឡើយ។

ការចូលជាសមាជិកភាពអង្គការណាតូរបស់ហ្វាំងឡង់នេះ នឹងធ្វើឲ្យសម្ព័ន្ធណាតូកើនឡើង​សមាជិកថ្មីមួយទៀត ធ្វើឲ្យសម្ព័ន្ធកាន់តែមានកម្លាំងខ្លាំង ព្រមទាំងអាចការពារហ្វាំឡង់​ពីការភ័យខ្លាចការគំរាមកំហែងពីរុស្ស៊ីផងដែរ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា