អន្តរជាតិ

ឆេះស្រឡាងនៅហ្វីលីពីនស្លាប់មនុស្ស២៩នាក់រួមទាំងទារក៦ខែ

មនុស្សយ៉ាងហោចណាស់ជិត៣០នាក់បានស្លាប់ រួមមានទាំងទារកទើបតែកើតបាន៦ខែគួរឲ្យអាណិត ក្នុងឧប្បត្តិហេតុឆេះស្រឡាងនៅប្រទេសហ្វីលីពីនសប្តាហ៍នេះ។

យោងតាមសារព័ត៌មានរ៉យទ័រ ហេតុការណ៍ឆាបឆេះស្រឡាងនេះបានកើតឡើងកាលពី​អធ្រាត្រថ្ងៃពុធទី២៩  ខែមីនា ឆ្នាំ២០២៣ នៅដែនទឹកនៃកោះ Baluk-Baluk, ក្រុងHadji Muhtamad ខេត្ត Basilan ភាគខាងជើងប្រទេសហ្វីលីពីន។ មកទល់នឹងថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅឡើយ​ទេ ។ ពេលកើតហេតុនៅលើកោះ Basilan ភាគខាងត្បូង នៅពេលដែលអ្នកដំណើរជាច្រើនបានដេកលក់នៅក្នុងកាប៊ីននៃស្រឡាង។ អភិបាលខេត្ត Hadjiman Hataman Salliman បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្ស ១១ នាក់ រួមទាំងកុមារ ៣ នាក់បាន​លង់ទឹកស្លាប់ បន្ទាប់ពីលោតចេញពីកប៉ាល់ដែលកំពុងឆេះ ខណៈមនុស្ស ១៨ នាក់បានស្លាប់ក្នុងអគ្គិភ័យលើស្រឡាងរួមទាំងទារកដែលទើបតែកើតបាន៦ខែ។ លោក Salliman បាន​និយាយ​អំពី​កប៉ាល់​ដែល​ជាប់​ឆ្នេរ​ថា៖ “យើង​មិន​ទាន់​រុករក​កប៉ាល់​ទាំង​មូល​ឃើញនៅ​ឡើយ​ទេ ព្រោះ​វា​នៅ​​ក្តៅណាស់”។

ហ្វីលីពីន ដែលជាប្រជុំកោះជាង ៧៦០០ កោះ មានកំណត់ត្រាមិនល្អសម្រាប់សុវត្ថិភាពដែនសមុទ្រ ដោយកប៉ាល់តែងតែមានមនុស្សច្រើនកកកុញ និងកប៉ាល់ចាស់ៗជាច្រើនកំពុងប្រើប្រាស់។ កាល​ពី​ខែ​ឧសភា មនុស្ស​យ៉ាង​ហោច​ប្រាំពីរ​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​នៅ​លើ​ស្រឡាង​ល្បឿន​លឿន​ដែល​ដឹក​មនុស្ស​ចំនួន ១៣៤​នាក់​៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា