សន្ដិសុខសង្គម

ឆេះគំនរទុយោធំៗបូមខ្សាច់នៅជ្រោយចង្វាសង្ស័យមានគេលួចដុត

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះគំនរទុយោធំៗសម្រាប់បូមខ្សាច់ដាក់ទំនាបបឹង យ៉ាងសន្ធោសន្ធៅ ខណៈគេសង្ស័យថាអាចមានអ្នកលួចដុត។ហេតុការណ៍នេះបានកើតឡើងនៅដីឡូត៍មួយកន្លែង ​ខាងជើង​ផ្លូវជាតិលេខ​​៦អា ​ក្នុង​ភូមិ​ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី៣០ មីនា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានផ្សែងហុយចេញពីគំនរ​​ទុយោធំៗនោះ។បន្ទាប់មកក៏មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ​ត្រូវបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះ​មកជួយអន្តរាគមន៍។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយ បាញ់ទឹកពន្លត់។ប៉ុន្តែមិនអាចទប់ស្កាត់បានទេ ព្រោះទុយោនោះមានចំនួនច្រើនដែលគេដាក់​ជាគំនរនៅលើវាលខ្សាច់ មិនអាចឱ្យរថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ទឹកពន្លត់បានទាន់ពេលឡើយ។

ករណីនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយ​។តែគេ​ដាក់ការ​សង្ស័យ​ថា អាច​មានអ្នកលួចដុត ឬមានជនខិលខូចបោះកន្ទុយបារីលើ​ទុយោនោះ ទើប​ក្លាយជា​អគ្គិភ័យ​ឆាបឆេះបែបនេះ ​៕ដោយ៖វិចិត្រ