សន្ដិសុខសង្គម

បញ្ជូន​ប្រធាន​ក្រុមហ៊ុន​និង​បក្ខពួក៣​នាក់ រឿង​ឆបោកលុយ​ជាង​១៤​ម៉ឺន​ដុល្លារទៅតុលាការ

កំពង់ឆ្នាំង៖នគរបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៩ ខែមីនា បានបញ្ជូនប្រធានក្រុមហ៊ុនមួយ​និងបក្ខពួក៣នាក់ ករណីឆបោកលុយជាង១៤ម៉ឺនដុល្លារ ពីពលករ២៣នាក់ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា កម្លាំងជំនាញបានឃាត់ខ្លួនប្រធាន​ក្រុមហ៊ុន រាជ្យ​សុផាន់​ភួង ខូ​អិ​ល​ធី​ឌីម្នាក់​និង​បក្ខពួក​៣​នាក់​ ពាក់ព័ន្ធករណីឆបោកលុយជាង១៤ម៉ឺនដុល្លារ​ពីពលករ២៣នាក់។ ការឃាត់ខ្លួនធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ស្ត្រីប្រធានក្រុមហ៊ុនឈ្មោះ រាជ្យ សុផាន់ភួង នៅខេត្តព្រះវិហារ- ឈ្មោះសែន ទីន ជាប្ដីនៅខេត្តតាកែវ- ឈ្មោះអ៊ុល ចន្នី ភេទស្រី​ នៅខេត្តកណ្ដាល នាយករងក្រុមហ៊ុនក៏ជាគណនេយ្យទទួលប្រាក់ពី​ពលករនិងឈ្មោះនុត ណារិន ជាប្ដីអ៊ុល ចន្នី។ក្នុងនោះបានរឹបអូសរថយន្ត១គ្រឿងម៉ាក Ford ផ្លាកលេខកម្ពុជា KKK-1230 របស់ប្រធានក្រុមហ៊ុន- លុយជាង៤ពាន់ដុល្លារនិងលុយខ្មែរ​ជាង២លានរៀល។

មន្ត្រីដដែលបានបន្តថា មុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ សមត្ថកិច្ចបានទទួល​ពាក្យបណ្តឹងពីពលករចំនួន២៣នាក់ដោយចោទប្រកាន់ថា បានឆបោកលុយពួកគាត់សរុប​ចំនួន១៤៧.៥០០ដុល្លារកាលពីអំឡុង ខែធ្នូឆ្នាំ២០២២និងខែមករាឆ្នាំ២០២៣ ។លុយទាំងនេះពលករ២៣នាក់បានប្រគល់ឱ្យខាងក្រុមហ៊ុន ដោយក្រុមហ៊ុនសន្យាធានាយក​ពួកគាត់ទៅធ្វើការនៅប្រទេសអូស្តា្រលីក្នុងខែកុម្ភៈនិងខែមីនាឆ្នាំ២០២៣នេះ។

ប៉ុន្តែសកម្មភាពរបស់ពួកគេ ក្រោយពីបានយកលុយរបស់ពលកររួចហើយ ក៏គេចវេះមិនបាន​បំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនទេ ទើបពួកគាត់ប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់តែម្តង៕ដោយ៖វិចិត្រ