អន្តរជាតិ

អាល្លឺម៉ង់សន្យាផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារថ្មីបន្ថែមទៀតដល់អ៊ុយក្រែន

រដ្ឋាភិបាលអាល្លឺម៉ង់សន្យាផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារថ្មីសម្រាប់ទុករយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតដល់អ៊ុយក្រែន ទុកប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

គណៈកម្មាធិការថវិការបស់សភាអាល្លឺម៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ បានផ្តល់ភ្លើងខៀវបន្ថែមទៀត​ជាមួយនឹង​ទំហំសាច់ប្រាក់ប្រហែលប្រាំបីពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៨.៧ ពាន់លានដុល្លារអាម៉េរិក ទុកសម្រាប់ការចំណាយលើការទិញអាវុធ និងឧបករណ៍ដោយផ្ទាល់សម្រាប់អ៊ុយក្រែន។ ហើយទឹកប្រាក់សរុបប្រហែល ១២ ពាន់លានអឺរ៉ូ (១៣ពាន់លានដុល្លារអាម៉េរិក) នឹងត្រូវបញ្ចេញជុំវិញនឹងជម្លោះអ៊ុយក្រែន ប្រសិនបើត្រូវធ្លាក់ចូលក្នុងទសវត្សរ៍ក្រោយ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ព័ត៌មាននេះតំណាងឱ្យ “ជំហានមួយដ៏សំខាន់ ដែលយើងបញ្ជាក់យ៉ាងច្បាស់ថា យើងកំពុងគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង ក្នុងការប្រយុទ្ធប្រឆាំងនឹងលោក Putin”។ ចាប់តាំងពីសង្រ្គាមមក អាល្លឺម៉ង់បានត្រួសត្រាយជំនួយមិនតិចទេដល់អ៊ុយក្រែន បន្ទាប់តែពីអាម៉េរិក និងចក្រភពអង់គ្លេស។ អាល្លឺម៉ង់បានបើកភ្លើងខៀវបញ្ជូនរថក្រោះខ្លារខិនរបស់ខ្លួនទៅអ៊ុយក្រែន នៅក្នុងសម្ពាធតានតឹងបំផុតក្នុងនាមជាប្រទេសណាតូខ្លាចមានសង្រ្គាមផ្ទាល់ជាមួយរុស្ស៊ី៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា