សន្ដិសុខសង្គម

រថយន្តធំ២គ្រឿងបុកគ្នា តៃកុងជាប់ក្នុងកាប៊ីនរងរបួសធ្ងន់

កណ្តាល៖រថយន្តធំដឹកទំនិញ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឱ្យតៃកុងម្នាក់គាបជាប់​ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានពលរដ្ឋជួយគាស់យកចេញនិងដឹកទៅមន្ទីរពេទ្យភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ​នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៩ ខែមីនា។

លោកអធិការបានបន្តថា មុនកើតហេតុ រថយន្តកុងតឺន័រ ផ្លាកលេខស្វាយរៀង 3A.2287 បើកតាមផ្លូវជាតិលេខ១ពីអ្នកលឿងទៅភ្នំពេញ។មកដល់កន្លែងខាងលើ  ស្រាប់តែមានរថយន្តដឹកទំនិញធុនធំ ផ្លាកលេខព្រៃវែង 3A.1971បើកបរដោយឈ្មោះ ស៊ោន សាមីន អាយុ៣៤ឆ្នាំ នៅភូមិប្រោះស្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏បុកគ្នាពេញទំហឹងតែម្តង។

គ្រោះថ្នាក់នេះធ្វើឱ្យតៃកុងរថយន្តដឹកទំនិញគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។រីឯខាងរថយន្តកុងតឺន័របានចុះរត់គេចខ្លួនបាត់។ បន្ទាប់ពីនោះផ្នែកជំនាញចរាចរណ៍បានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលស្រុកស្រុកកៀនស្វាយ ដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ