អន្តរជាតិ

មេទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីចេញទទួលស្គាល់ថា វាយអ៊ុយក្រែនមិនបំបែកឡើយនៅបាក់មុត

មេទាហានស៊ីឈ្នួលរុស្ស៊ី ហៅកាត់ថា Wagner បានចេញទទួលស្គាល់ថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅបាក់មុតខេត្តដូណេត ក៏ប៉ុន្តែមិនអាចឡោមព័ទ្ធវាយអ៊ុយក្រែនបែកនោះឡើយនៅសប្តាហ៍នេះ។

នេះដោយយោងតាមសារជាសំឡេងរបស់លោក Yevgeny Prigozhin មេក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ ត្រូវជាថ្ងៃពុធ     សប្តាហ៍នេះ។ សម្រង់ដោយសារព័ត៌មានរ៉យទ័រ Prigozhin និយាយថា “សមរភូមិក្រុង Bakhmut ថ្ងៃនេះបានបំផ្លាញកងទ័ពអ៊ុយក្រែនច្រើនណាស់ តែជាអកុសល ខាងក្រុមហ៊ុនយោធាឯកជន Wagner ក៏បានរងគ្រោះយ៉ាងធ្ងន់ធ្ងរផងដែរ”។ សេចក្តីរាយការណ៍ពីខាងអ៊ុយក្រែន​មិនបាននិយាយថា ខូចខាត ឬស្លាប់ទ័ពប៉ុន្មាននាក់នោះទេ តែបានអះអាងថា រុស្ស៊ីពិតជាវាយខ្លួនមិនបែកមែន ហើយនៅរយៈពេលដ៏ខ្លីបន្តិចទៀតនេះ អ៊ុយក្រែននឹងបើកប្រតិបត្តិការរំដោះទ្រង់ទ្រាយធំ វាយផ្តាច់រុស្ស៊ីតែម្តង។ ចារកម្មអង់គ្លេសថា ទ័ពអ៊ុយក្រែនបានរុញទ័ពរុស្ស៊ីឲ្យខ្ទាតចេញពីខ្សែបន្ទាត់ ផ្គត់ផ្គង់នៃបាក់មុតយ៉ាងពិតប្រាកដ។

បើទោះជារាងធ្លាក់សន្ទុះចុះបន្តិចមិនអាចទទួលបានចំណុចរបត់ជាដុំកំភួនដូចនឹងកាលពីពេលថ្មីៗនេះ យោងតាមមន្ត្រីរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ពួកគេក៏នៅតែអាចដណ្តើមបានដីខ្លះៗនៅក្នុង ការប្រយុទ្ធគ្នាតាមដងផ្លូវនៅខាងក្នុង Bakhmutដែរ។ ភូមិសាស្រ្ត Bakhmut ទីក្រុងប្រសព្វដ៏សំខាន់ នៃខេត្តដូណេតឧបទ្វីបដុនបាសភាគខាងកើតប្រទេសអ៊ុយក្រែន បានស្ថិតនៅក្រោមសម្ពាធ បាញ់សម្លាប់គ្នាអស់រយៈពេលជាច្រើនខែមក ជាគោលដៅចម្បងនៃការវាយលុករបស់រុស្ស៊ី មានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទះសំបែង ប្រជាជនរត់ខ្ចាត់ខ្ចាយ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា