សន្ដិសុខសង្គម

បង្រៀនប្រពន្ធបើករថយន្តច្រឡំជាន់ហ្គែរជាហ្វាំ្រងបុកស្លាប់ម្នាក់ របួសធ្ងន់៧នាក់

បន្ទាយមានជ័យ៖បុរសម្នាក់បង្រៀនប្រពន្ធបើករថយន្ត ខណៈប្រពន្ធជាន់ហ្គែរច្រឡំជាហ្វាំ្រង ក៏បុករះតាមផ្លូវនិងបុកតូបលក់ទំនិញ បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់៧នាក់។

មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមីនា។

ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ សាប់ និន អាយុ៥៨ឆ្នាំ។ចំណែកអ្នករបួសធ្ងន់ក្មេងចាស់ស្រីប្រុស​ចំនួន៧នាក់ អាយុពី២ឆ្នាំដល់៤៣ឆ្នាំ។ក្រុមជនរងគ្រោះនៅភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ស្ត្រីម្នាក់ត្រូវបានប្តីបង្រៀនបើករថយន្តឡិចស៊ីស RX.300 ផ្លាកលេខសៀមរាប 2C-0898 ។ពេលនោះអ្នករៀនបើកបរបានជាន់ហ្គែរច្រឡំជាហ្វាំ្រង​ក៏បុករះអ្នកដំណើរតាមផ្លូវ និងជ្រុលបុកតូបលក់ទំនិញមុខផ្សារគុត្តសត បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់និង​របួសធ្ងន់៧នាក់។

ក្រោយពីមានគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានចុះអន្តរាគមន៍ដឹកអ្នករងរបួសទៅមន្ទីរពេទ្យនិង​យកប្តីប្រពន្ធជាអ្នករៀន-អ្នកបង្រៀនបើកបរជាមួយរថយន្តបង្កទៅនគរបាលប៉ុស្តិ៍ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ