សន្ដិសុខសង្គម

នឹងប្រកាសសាលក្រមរឿងប្តីបាញ់សម្លាប់ប្រពន្ធនៅខែមេសាខាងមុខ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា បានបើកសវនាការសាកសួរជនជាប់ចោទរួច នឹងប្រកាសសាលក្រមរឿងបុរសម្នាក់បាញ់សម្លាប់ប្រពន្ធនៅថ្ងៃទី២៧ ខែមេសាខាងមុខ។

គួររំលឹកថា ករណីបាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។បន្ទាប់មកសមត្ថកិច្ចបានចាប់ជនសង្ស័យបញ្ជូនទៅតុលាការ។ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរតុលាការភ្នំពេញបានឃុំខ្លួនបុរសបាញ់សម្លាប់ប្រពន្ធដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់។

ជនត្រូវចោទឈ្មោះជា អូន អាយុ ២៥ឆ្នាំ នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ចំណែកជនរងគ្រោះដែលស្លាប់ជាប្រពន្ធឈ្មោះ នូ សុខនីតា ហៅស៊ីវ អេង អាយុ២២ឆ្នាំ នៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតអាវុធខ្លី១ដើមម៉ាកK59 បង់១-គ្រាប់១គ្រាប់-កាំបិត១-ម៉ូតូ១គ្រឿងផ្លាកលេខ កណ្តាល1D-5011៕ដោយ៖វិចិត្រ