សន្ដិសុខសង្គម

នាំអ្នកប្រើកៅអីដែកវាយគេឱ្យរបួសធ្ងន់ក្នុងពិធីមង្គលការទៅតុលាការ

កំពង់ធំ៖នគរបាលក្រុងស្ទឹងសែន រសៀលថ្ងៃទី២៩ ខែមីនា​បានចាប់ជនសង្ស័យម្នាក់ បន្ទាប់ពីយក កៅអីដែក វាយជនរងគ្រោះឱ្យរបួសធ្ងន់ក្នុងពិធីមង្គលការ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនឱ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែមីនា មានពិធីមង្គលការនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ជនដៃដល់បានប្រើហិង្សាដោយបានយកកៅអីដែកវាយលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ជនសង្ស័យឈ្មោះ ណន សម្បត្តិ អាយុ៣០ឆ្នាំ នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។ចំណែកជនរងគ្រោះឈ្មោះ រ៉ា ណារ៉េត អាយុ៣០ឆ្នាំ នៅភូមិ-សង្កាត់ជាមួយគ្នា បានរងរបួសបែកក្បាលធ្ងន់ធ្ងរ។

បន្ទាប់ពីទទួលបណ្តឹង នគរបាលក្រុងស្ទឹងសែនបានស្រាវជ្រាវចាប់ជនសង្ស័យយកទៅសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកកៅអីដែកវាយលើជនរងគ្រោះ ពិតប្រាកដមែនដោយសារមានគំនុំឈ្លោះគ្នាពីមុនមក៕ដោយ៖វិចិត្រ