សន្ដិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆក់ជាងផ្សារដែកស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

បាត់ដំបង៖ប្រព័ន្ធខ្សែភ្លើងបានឆ្លងចរន្តអគ្គិសនីឆក់ជាងផ្សារដែក២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ហេតុការណ៍នេះ​កើតឡើងនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់បានឱ្យដឹងថា បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ ខោន ខេន អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុខ សាមឌី អាយុ៣៤ឆ្នាំរងរបួសធ្ងន់។ទាំង២នាក់នៅភូមិ ឃុំខាងលើ។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង២នាក់ជាកម្មករផ្សារដំបូលផ្ទះឱ្យគេ។មុនកើតហេតុ កូនជាងបានហុចដែកឱ្យមេជាងនៅលើដំបូល។ពេលនោះស្រាប់តែដែកបានប៉ះនឹងចរន្តអគ្គិសនី​ពីខ្សែមេបង្គោលភ្លើងអត់ស្រោបបណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់និងរបួសតែម្តង។

ក្រោយមកកម្លាំងជំនាញបានចុះពិនិត្យ ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ​ឆ្លងចរន្តអគ្គិសនីឆក់ពិតប្រាកដមែន ហើយបានប្រគល់សពជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖ព្រះអង្គខ្មៅ