សន្ដិសុខសង្គម

កំពុងរកចាប់បុរសកាប់ប្រពន្ធ៤ប៉័ងតោឱ្យរបួសធ្ងន់រួចរត់គេចខ្លួនបាត់

ព្រៃវែង៖បុរសម្នាក់ខឹងសុំផ្សះផ្សាជានាជាមួយប្រពន្ធវិញមិនបាន ទាញកាំបិតប៉័ងតោកាប់៤កាំបិត​ឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ សមត្ថកិច្ចតាមចាប់យកមកចាត់ការតាមច្បាប់។ហេតុការណ៍នោះ​បានកើតឡើងនៅក្នុងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២៩ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ មឿង ជីម អាយុ៤៤ឆ្នាំ នៅក្នុងភូមិ ឃុំខាងលើ។ចំណែកជនសង្ស័យជាប្តីឈ្មោះ ម៉ឹង មឿន អាយុ៥៧ឆ្នាំ កន្លែងកំណើតនៅស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ពួកគេមានកូន២នាក់អាយុ៧ឆ្នាំ បួសជាព្រះសង្ឃ និងកូនស្រីពៅអាយុ៣ឆ្នាំ។

មន្ត្រីដដែលបានបន្តថា ប្តីប្រពន្ធនេះកាលពី២ខែមុនបានឈ្លោះទាស់ទែងរហូតដល់លែងលះគ្នា ដោយប្តីទៅរស់នៅឯស្រុកកញ្ជ្រាច។រីឯប្រពន្ធនាំកូនត្រឡប់មករស់នៅជាមួយម្តាយឯស្រុក​កំចាយមារវិញ។នាពេលដឹងថាប្រពន្ធចង់យកប្តីថ្មី នៅថ្ងៃទី២៩ ខែមីនា បុរសនោះក៏តាមមកដល់ផ្ទះប្រពន្ធ ហើយនិយាយលួងលោមសុំផ្សះផ្សាជានាគ្នាវិញ។

តែពេលនោះប្រពន្ធមិនព្រម ទើបឈ្លោះប្រកែកគ្នាជាខ្លាំង រហូតយកកាំបិតប៉័ងតោកាប់ទៅលើ​ប្រពន្ធ៤កាំបិត បណ្តាលឱ្យស្ត្រីនោះរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យ។ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ