កីឡា

កីឡាគុនដាវដ៏កម្ររបស់កម្ពុជាត្រូវបានលើកទឹកចិត្តនិងជំរុញក្នុងឱកាសស៊ីហ្គេម

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ កីឡាគុនដាវគឺជាកីឡាមួយប្រភេទរបស់កម្ពុជាដែលមានភាពវ័យចំណាស់ កំពុងត្រូវបានលើកទឹកចិត្ត និងជំរុញឲ្យមានការប្រកួតជាបន្តបន្ទាប់ ពិសេសនៅក្នុងឱកាសនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣ នេះ។

គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ គឺនៅសល់តែ ៣៦ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រឹត្តិការណ៍ស៊ីហ្គេម និង៦៥ថ្ងៃ នៃអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាមិញគណៈកម្មការរៀបចំការប្រកួតកីឡារស៊ីហ្គេមក៏បានខិតខំជំរុញបន្ថែម ប្រភេទកីឡាគុនដាវកម្ពុជាឲ្យបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីឲ្យអន្តរជាតិកាន់តែស្គាល់គុនដាវរបស់កម្ពុជា។ សំរាប់វិញ្ញាសាគុនដាវ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា (OCIC) សាល B។

កីឡាគុនដាវកម្ពុជាធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ ប៉ុន្តែដោយកម្ពុជាយើងទទួលរងនូវវិបត្តិសង្គ្រាមក៏ធ្វើឲ្យកីឡាប្រភេទនេះបាត់បង់មួយរយៈពេលដ៏វែង។ ក្រោយមកក៏មានការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាគុនដាវអន្តរជាតិ គណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាគុនដាវកម្ពុជា ក៏បានសម្រេចបង្កើតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០០៦ នៅក្នុងកិច្ចប្រជុំជាមួយសហព័ន្ធគុនដាវអន្តរជាតិ (FIE) នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំពី ឯកឧត្តម ចៅ ភារុណ ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា។

នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០០៦ សហព័ន្ធកីឡាគុនដាវអន្តរជាតិ បានទទួលស្គាល់សហព័ន្ធកីឡាគុនដាវកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់ខ្លួន និងនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំដដែល     គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលស្គាល់សហព័ន្ធកីឡាគុនដាវកម្ពុជាសម្រាប់អាណត្តិទី ០១ ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០៕