រុស្ស៊ីបង្ហាញសាច់ដុំសម្ញែងឥទ្ធិពលនុយក្លេអ៊ែរថ្មីមួយទៀត ខណៈបានប្រកាសថានឹងធ្វើសមយុទ្ធកាំជ្រួចបាញ់ឆ្លងទ្វីប ឈ្មោះ Yars ជាមួយទ័ពរាប់ពាន់នាក់។
ក្រសួងការពារជាតិរុស៊្សីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសេវាផ្ញើសារ Telegram ឈានចូលថ្ងៃពុធទី ២៩ ខែមីនានេះថា “សរុបមក បុគ្គលិកយោធាជាង ៣០០០ នាក់ និងឧបករណ៍ប្រយុទ្ធប្រហែល ៣០០ គ្រឿងនឹងត្រូវបានចូលរួមនៅក្នុងសមយុទ្ធ”។ សមយុទ្ធនេះមានការចូលរួមពីកងកម្លាំងកាំជ្រួចយុទ្ធសាស្ត្រត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ នៃការបង្កើតកាំជ្រួច Omsk រួមជាមួយនឹងការបញ្ជា និងលំហាត់បុគ្គលិកជាមួយនឹងកាំជ្រួច Novosibirsk ដែលបំពាក់ដោយប្រព័ន្ធឆ្លងទ្វីប Yars ។
ក្រសួងបាននិយាយថា ក្នុងអំឡុងពេលសមយុទ្ធនេះ ប្រព័ន្ធចល័ត Yars នឹងធ្វើសមយុទ្ធនៅក្នុងតំបន់ចំនួនបីនៃប្រទេសរុស្ស៊ី ទោះបីជាតំបន់ទាំងបីនេះមិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណក៏ដោយ។ ព័ត៌មានលម្អិត “កាំជ្រួចយុទ្ធសាស្ត្រនឹងអនុវត្តតាមវិធានការមួយ ដើម្បីក្លែងបន្លំ និងប្រឆាំងមធ្យោបាយឈ្លបយកការណ៍តាមអាកាសសម័យទំនើប ដោយសហការជាមួយក្រុម និងអង្គភាពនៃស្រុកយោធាកណ្តាល និងកងកម្លាំងអាកាស”។
ចំពោះលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រជាក់លាក់មួយចំនួននៃប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបចល័ត Yars វាត្រូវបានគេរាយការណ៍ថាអាចបាញ់បានចម្ងាយប្រតិបត្តិការរហូតទៅដល់ ១២០០០ គីឡូម៉ែត្រឯណោះ។ យោងតាមអ្នកសរសេរប្លុកយោធា ប្រព័ន្ធនេះអាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចកំណត់គោលដៅបានដោយឯករាជ្យតាមចិត្តចង់បាន បាញ់កន្លែងណាក៏បាន ដោយត្រូវបានគេដាក់ដឹកលើរថយន្តដឹកជញ្ជូន ឬដាក់ពង្រាយនៅក្នុងឃ្លាំងផ្ទុករបស់វា។ ការប្រកាសនៃសមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធីបតីពូទីនក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុស៕
ប្រភព៖REUTERS
ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា