អន្តរជាតិ

អាម៉េរិកថានឹងចែកទិន្នន័យព័ត៌មានពីនុយក្លេអ៊ែរខ្លះៗបើរុស្ស៊ីបកក្រោយមកគោរពតាមសន្ធិសញ្ញា

សហរដ្ឋអាម៉េរិកបញ្ជាក់ថា នឹងចែករំលែកទិន្នន័យ ក៏ដូចជាព័ត៌មានសម្ងាត់ខ្លះៗពីកងកម្លាំង​នុយក្លេអ៊ែរផ្ទាល់ខ្លួនជាមួយនឹងរុស្ស៊ី ប្រសិនបើរុស្ស៊ីសុខចិត្តបកក្រោយវិលមកគោរពតាម​សន្ធិសញ្ញាវិញនោះ។

អ្នកនាំពាក្យសេតវិមានអាម៉េរិក លោក John Kirby បាននិយាយកាលពីថ្ងៃអង្គារ ទី ២៨ ខែមីនាថា សហរដ្ឋអាម៉េរិកនឹងមានឆន្ទៈក្នុងការចែករំលែកទិន្នន័យសម្ងាត់ពីកម្លាំងនុយក្លេអ៊ែរមួយចំនួនជាមួយទីក្រុងមូស្គូពិតមែន មិនកុហកនោះទេ ប្រសិនបើរុស្ស៊ីវិលមកគោរពតាមសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START វិញ។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា សហរដ្ឋអាម៉េរិកបានប្រាប់ទៅប្រទេស​រុស្ស៊ីរួចហើយពីរឿងនេះថា ខ្លួនពិតជានឹងបញ្ចេញទិន្នន័យមួយចំនួនស្តីពីកងកម្លាំងនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតបទៅនឹងការផ្អាកការចូលរួមរបស់ទីក្រុងមូស្គូនៅក្នុងសន្ធិសញ្ញា។ ចំពោះការអំពាវនាវនេះ មិនទាន់មានសេចក្តីរាយការណ៍ឆ្លើយតបបែបណាពីរុស្ស៊ីឡើយ។

បើទោះជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់បានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញា ដែលកំណត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ភាគីទាំងពីរ គ្រាន់តែផ្អាកសិនក៏ដោយកាលពីខែកុម្ភៈ វាបានធ្វើឱ្យប៉ះពាល់ដល់សសរស្តម្ភនៃការគ្រប់គ្រង​អាវុធដែលនៅសល់ចុងក្រោយរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីរួចទៅហើយ    ខណៈបានធ្វើឲ្យមានភាពចលាចលជុំវិញទ្រឹស្តីនុយក្លេអ៊ែរទូទាំងពិភពលោក៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា