ព័ត៌មានជាតិ

អង្គការមួយប្រកាសពីគម្រោងថ្មីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍លើកុមារ

ស្ទឹងត្រែង៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) គ្រោងនឹងចាប់ផ្តើមអនុវត្តលើគម្រោងថ្មីមួយដែលមាន ឈ្មោះថា «ដល់ពេលត្រូវធ្វើសកម្មភាព» គឺជាគម្រោងគាំទ្រក្មេងស្រី ក្មេងប្រុសវ័យជំទង់ នៅភាគឦសាននៃប្រទេសកម្ពុជា ដោយគម្រោងមួយនេះមានគោលដៅដើម្បីបញ្ឈប់ការ រៀបអាពាហ៍ពិអាពាហ៍នៅវ័យកុមារ និងអភិវឌ្ឍន៍ខ្លួនក្លាយជាមនុស្សពេញវ័យប្រកបដោយសក្ដានុពល។

ការប្រកាសឲ្យដំណើរការគម្រោងថ្មីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងខេត្តស្ទឹងត្រែងនេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួង កិច្ចការនារី, លោកជំទាវ លឹម មុំ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង។

លោក យី គឹមថាន នាយករងប្រចាំប្រទេសកម្ពុជាទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា​៖ គោលបំណងចម្បងរបស់គម្រោងនេះគឺដើម្បីរួមចំណែកកាត់បន្ថយការរៀប អាពាហ៍ពិអាពាហ៍នៅវ័យកុមារនិងមានផ្ទៃពោះនៅវ័យក្មេង នៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលនៃភាគឦសានកម្ពុជាមានខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

គម្រោងនេះគឺដើម្បីបង្កើនចំនួនក្មេងស្រីវ័យជំទង់ដែលប្រឈមនឹងហានិភ័យនៃការរៀបអាពាហ៍ពិអាពាហ៍នៅវ័យកុមារ ការបោះបង់ការសិក្សា ឬការនៅក្រៅសាលា អាចបញ្ចប់ការសិក្សានៅថ្នាក់មធ្យមសិក្សា ប្រកបដោយគុណភាព តាមរយៈការផ្តល់ឱកាស ការគាំទ្រផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាព ព្រមទាំងមានលទ្ធភាពក្នុងការអនុវត្តន៍បានពេញលេញនូវសិទ្ធិទទួលបានការការពាររបស់ខ្លួន។

លោក គឹម ថាន បានបន្តថា ដំណើរការនៃគម្រោងថ្មីនេះ «ដល់ពេលត្រូវធ្វើសកម្មភាព» និងអនុត្តផ្សព្វផ្សាយនៅតាមតំបន់គោល។ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងនឹងត្រូវចាប់ អនុវត្តគម្រោងថ្មីនេះក្នុងស្រុកចំនួន២ រួមមានស្រុកសេសាន និងសៀមប៉ាង។ស្រុកទាំងពីរនេះ នៅដាច់ស្រយាលពីទីរួមខេត្ត។ណាមួយទៀតដោយស្រុកទាំងពីរនេះសម្បូរដោយបងប្អូនជនជាតិ ដើមភាគតិចរស់នៅ ហើយអត្រានៃការរៀបការវ័យក្មេង និងក្មេងជំទង់ក៏មានច្រើនជាងបណ្តាស្រុកដទៃ។

លោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងបានមានមតិស្វាគមន៍ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងសុន្ទរកថា ដោយលើកឡើងថាការ លើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ការរៀប អាពាហ៍ពិពាហ៍នៅវ័យកុមារ និងអភិវឌ្ឍន៍ឱ្យក្លាយជាមនុស្សពេញវ័យ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការ សកម្មភាពជាតិ និងលិខិតបទដ្ឋាននិយុត្តជាច្រើន ដើម្បីមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អ ក្នុងសាលារៀន។

លោកជំទាវបន្តថា ដើម្បីឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ស្ថានភាព ជីវភាព របស់ស្រ្តីនិងក្មេងសីនៅតាមសហគមន៍ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង សំខាន់ចំនួនបី គឺ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ទទួលបានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា ។គម្រោងខាងលើនេះទទួលបាន ការគាំទ្រថវិកាពីក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ដែលមានរយៈពេលបីឆ្នាំគិតចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ៕