សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីគំរាមបង្ហោះរូបអាក្រាតស្ត្រីសង្សារ

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ករណី​គំរាមបង្ហោះរូបភាពអាក្រាតស្ត្រីរងគ្រោះជាសាធារណៈ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ជនសង្ស័យឈ្មោះ នៅ ចិន្តា អាយុ៣១ឆ្នាំ ឃាត់ខ្លួននៅម្តុំ ស្ថានីយប្រេងPTT ព្រែកអញ្ចាញ ភូមិចំបកមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

គួររំលឹកថា កាលពីឆ្នាំ២០២០ ជនរងគ្រោះបានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da ហើយបានទាក់ទងស្គាល់គ្នា ព្រមទាំងបានលេងឆាតជាមួយគ្នា។បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមឱ្យជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឱ្យខ្លួន។

លុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមឱ្យជនរងគ្រោះថតជា​វីដេអូអាសអាភាសផ្ញើឱ្យខ្លួនមើលបន្តទៀត។ប៉ុន្តែត្រូវបានជនរងគ្រោះបដិសេធ។នៅពេលនោះម្ចាស់​គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា“បើមិនធ្វើតាមសំណើរបស់ខ្លួនទេ​នឹងយកវីដេអាក្រាតកាយរបស់នាងពីមុនមកយកបង្ហោះជាសាធារណៈតែម្ដង។

មកដល់ថ្ងៃទី២៨ ខែមីនានេះ ត្រូវសមត្ថកិច្ចជំនាញតាមចាប់ជនសង្ស័យបានរួចនាំទៅនាយកដ្ឋាន ដើម្បីប្រគល់ឱ្យនគរបាលខេត្តបន្ទាយមានជ័យវិញ ព្រោះជាម្ចាស់ករណីនិងចាត់ការបន្តតាមច្បាប់៕ដោយ៖វិចិត្រ