អន្តរជាតិ

យោធាមីយ៉ាន់ម៉ា រំលាយគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី

របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារទី ២៨ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍នេះ បានប្រកាសរំលាយ​គណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ក្រោមមូលហេតុថាដោយសារ​ការបរាជ័យ​ក្នុងការចុះឈ្មោះឡើងវិញក្រោមច្បាប់បោះឆ្នោតថ្មី។

ទូរទស្សន៍ Myawaddy TV បាននិយាយនៅក្នុងព្រឹត្តិបត្រមួយកាលពីល្ងាចថ្ងៃអង្គារទី ២៨ ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យហៅកាត់ (NLD) ដែលជាគណបក្សនយោបាយ​មួយក្នុងចំណោមគណបក្សចំនួន ៤០ បានខកខានមិនបានបំពេញតាមកាលបរិច្ឆេទនៃការ​ចុះឈ្មោះរបស់​យោធាដែលកំពុងកាន់អំណាចសម្រាប់ការបោះឆ្នោតថ្មីរបស់ប្រទេសនោះទេ។ ដូច្នេះរដ្ឋាភិបាលយោធាកាន់អំណាចនឹងត្រូវរំលាយគណបក្សនេះចោលហើយ។

ការរំលាយបក្សនយោបាយរបស់លោកស្រីស៊ូជីដែលកំពុងជាប់ឃុំនេះ បានកើតឡើងបន្ទាប់ពីកាលពី​ខែមករា យោធាបានផ្តល់ពេលពីរខែដល់គណបក្សនយោបាយ​ទាំងនេះដើម្បីចុះឈ្មោះឡើងវិញ​ក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរ៉ឹងមួយមុនពេលការបោះឆ្នោតថ្មីដែលខ្លួនបានសន្យាថានឹងរៀបចំធ្វើឡើង វិញ ប៉ុន្តែដៃគូប្រជែងរួមទាំង(NLD) បាននិយាយថាខ្លួននឹងមិនចូលរួមដោយគ្មានសិទ្ធិសេរីភាព ឬយុត្តិធម៌ឡើយ។ នៅថ្ងៃដដែលនេះ លោក Bo Bo Oo សមាជិក​សភា​ជាប់​ឆ្នោត​ម្នាក់​មក​ពី​គណបក្ស​របស់​លោកស្រី​ស៊ូជី​បាន​ថ្លែង​ថា៖ “យើង​មិន​ទទួល​យក​ជា​ដាច់​ខាត​ចំពោះ​ការ​បោះ​ឆ្នោត​ដែលនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ និង​សកម្មជន​នយោបាយ​ជាច្រើន​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ប្រជាជន​ត្រូវ​បាន​យោធា​ធ្វើ​ទារុណកម្មយ៉ាងវេទនា”។

សូមរំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ គណបក្ស NLD បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុង​ការបោះឆ្នោតសភារបស់ប្រទេស។ ប៉ុន្តែ​មិន​ដល់​បី​ខែស្រួលបួលផង កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ និង​ចាប់​ឃុំ​ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី ចោទពីបទក្លែងបន្លំសន្លឹកឆ្នោត។ យោងតាមក្រុមឃ្លាំមើល​ក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៣១០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ។៕

ប្រភព៖ALJAZEERA