កែសម្រួល៖ រ៉ាម៉េត
ការបង្ហាញខ្លួនជាជួរដូចគុជតម្រៀបគ្នានៃភពទាំងប្រាំ ជាអព្ភូតហេតុដ៏កម្រដែលគេអាចមើលឃើញនៅលើមេឃនាពេលយប់ថ្ងៃអង្គារ ដូច្នេះសូមឧស្សាហ៏ក្រឡេកមើលទៅលើមេឃកុំខានឲ្យសោះ។

ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ ភពអ៊ុយរ៉ានុស និងភពព្រះអង្គារ នឹងតម្រៀបគ្នាជាជួរនៅជិតព្រះចន្ទ ដែលជាឱកាសសម្រាប់អ្នកដែលចូលចិត្តមើលផ្កាយនឹងអាចមើលឃើញនូវទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។
ភពទាំងប្រាំនេះនឹងលាតសន្ធឹងជាជួរនៅចំកណ្តាលមេឃ ក៏ប៉ុន្តែភពពុធ និងភពព្រហស្បតិ៍នឹងធ្លាក់ចុះក្រោមជើងមេឃយ៉ាងលឿនប្រហែលកន្លះម៉ោងក្រោបន្ទាប់ពីថ្ងៃលិចផុតទៅ។ ដូច្នេះគេត្រូវកំណត់ពេលវេលាឲ្យត្រឹមត្រូវសម្រាប់ការតាមដានអព្ភូតហេតុដ៏កម្រមួយនេះ។
Cameron Hummels អ្នកជំនាញខាងតារារូបវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា បានប្រាប់ CNN ថា ភពនានានឹងលេចឡើង “ដូចជាគ្រាប់គុជតម្រៀបគ្នាដូចខ្សែក”។
តារាវិទូរបស់ NASA លោក Bill Cooke បានណែនាថា ឱ្យសម្លឹងមើលទៅជើងមេឃខាងលិចក្រោយពីថ្ងៃលិចផុតទៅ។
ដរាបណាមេឃស្រឡះនោះ ទិដ្ឋភាពនៅជើងមេឃទិសខាងលិចនឹងឃើញមាន ខ្សែតម្រៀបគ្នាជាជួរនៃភពទាំងប្រាំដែលយើងអាចមើលឃើញពីគ្រប់ទិសទីលើភពផែនដី។
លោក Cooke បានប្រាប់សារព័ត៌មាន Associated Press ថា “នោះហើយជាភាពដ៏ស្រស់ស្អាតនៃការបង្ហាញខ្លួនតម្រៀបគ្នាជាជួររបស់ភពទាំងនេះ យើងមិនចំណាយពេលច្រើននោះទេ”។
ភពព្រហស្បតិ៍ ភពសុក្រ និងភពអង្គារ មានពន្លឺចែងចាំង ដូច្នេះពួកវាទាំងនេះងាយស្រួលមើលខ្លាំងណាស់ ប៉ុន្តែភពពុធ និងអ៊ុយរ៉ានុសរាងស្រអាប់បន្តិច ដូច្នេះយើងត្រូវការប្រើកែវយឹតដើម្បីមើលវាឲ្យបានច្បាស់។
ភព Venus ជារឿយៗត្រូវបានគេហៅថា “ផ្កាយរាត្រី” វាក្លាយជាវត្ថុដ៏ភ្លឺបំផុតមួយ នៅពេលដែលអ្នកសម្លឹងមើលទៅលើមេឃ។ ចំណែកភពអង្គារនឹងមានពន្លឺពណ៌ក្រហម យើងនឹងឃើញវានៅជិតព្រះចន្ទ។

លោក Cooke បាននិយាយថា Uranus តាមធម្មតាយើងមិនអាចមើលឃើញនៅលើមេឃនោះទេ ដូច្នេះកាលណាយើងឃើញពន្លឺពណ៌បៃតងនៅចំពីលើ Venus វាជាឱកាសដ៏កម្រសម្រាប់ “អ្នកប្រមូលទិន្ន័យអំពីភព” អាចមើលឃើញវា។
សម្រាប់អ្នកចូលចិត្តមើលមេឃដើម្បីងាយស្រួលកំណត់អត្តសញ្ញាណភពទាំងនោះគេអាចប្រើកម្មវិធីតារាសាស្ត្រដូចជា Sky Tonight ឬ SkySafari ជាដើម។
តាមទស្សនៈរបស់ផែនដីវិទ្យា ការបង្ហាញខ្លួនដោយតម្រៀបគ្នាជាជួរបែបនេះកើតឡើងចំពេលដែលគន្លងរបស់ភពនានាធ្វើគោចរតម្រៀបគ្នាជាជួរនៅខាងម្ខាងនៃព្រះអាទិត្យហើយពួកវាស្ថិតនៅក្នុងក្រុមតារានិករដូចគ្នា។
ការគោចរតម្រៀបគ្នាជាជួរប្រភេទនេះកើតឡើងនៅរៀងរាល់ពីរបីឆ្នាំម្តង ហើយមិនសូវមានភពតែពីរ ឬបីនោះទេជាធម្មតាវាមានច្រើនជាងនេះ។ វាបានកើតឡើងកាលពីឆ្នាំ ២០២០ និង ២០១៦៕
ប្រភព៖ New York Post