អន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ៖ ដល់ពេលហើយ អ៊ុយក្រែនអាចមានឱកាសវាយបករុស្ស៊ីជោគជ័យនៅនិទាឃរដូវនេះ

ប្រធានមន្ទីរបញ្ចកោណបាននិយាយថា វាដល់ពេលហើយសម្រាប់អ៊ុយក្រែន, អ៊ុយក្រែនអាចមានឱកាស​បើកការវាយបករុស្ស៊ីដោយជោគជ័យនៅនិទាឃរដូវនេះ។

នេះបើតាមលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ថ្លែងក្នុងអំឡុងពេលសវនាការនៅ​គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាអាម៉េរិកកាលពីថ្ងៃអង្គារទី ២៨ ខែមីនា ឆ្នាំ២០២៣។ លោក Lloyd Austin បានជឿជាក់ថា អ៊ុយក្រែនពិតជានឹងមាន “ឱកាសល្អ” នៅក្នុងការបើកការវាយលុក​ដ៏ជោគជ័យមួយនៅនិទាឃរដូវឆ្នាំ ២០២៣នេះ ដោយសារតែការថយចុះគួរឱ្យកត់សម្គាល់នៃ​កងកម្លាំងរុស្ស៊ី និងការកើនឡើងជំនួយសព្វាវុធរបស់លោកខាងលិច។ បច្ចុប្បន្នអ៊ុយក្រែនមាន “អត្ថប្រយោជន៍ដ៏សំខាន់” លើ កងកម្លាំងរុស្ស៊ី ទោះបីជាខ្សែជួរមុខបាននិងកំពុងផ្លាស់ប្តូរត្រឡប់មកវិញ​នាពេលថ្មីៗនេះ ហើយបច្ចុប្បន្នមាន “ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ Bakhmut”។

ជនជាតិអ៊ុយក្រែនបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើជនជាតិរុស្ស៊ី ហើយពួកគេបានបំផ្លាញរថពាសដែករបស់រុស្ស៊ីតាមរបៀបដែលគ្មាននរណាម្នាក់អាចនឹកស្មានដល់។ Lloyd Austin បន្តថា ហើយឥឡូវនេះយើងបានឃើញប្រទេសរុស្ស៊ីកកាយយកនូវរថក្រោះចាស់ៗដូចជា T-54 និង T-55 យកមកប្រើ ដោយសារតែកម្រិតនៃការខាតបង់។ ប្រមុខ​មន្ទីរ​បញ្ចកោណ​រូបនេះបាន​សង្កត់​ធ្ងន់​ថា “ក្នុង​ទិដ្ឋភាព​នេះ ធនធាន​របស់  រុស្ស៊ី​កំពុង​អស់។ វាកំពុងប្រឈមមុខនឹងការខ្វះខាត​គ្រាប់កាំភ្លើងធំ និងវត្ថុផ្សេងៗទៀត ហើយត្រូវបានបង្ខំឱ្យងាកទៅរកប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ដើម្បីសុំជំនួយ”។ “យើងនឹងឃើញការកើនឡើងនៃអរិភាពនៅនិទាឃរដូវ ដោយសារលក្ខខណ្ឌ​សម្រាប់ការ​ធ្វើសមយុទ្ធមានភាពប្រសើរឡើង ហើយផ្អែកលើអ្វីដែលយើងបានធ្វើរួច និងបន្តធ្វើ។ ខ្ញុំគិតថា អ៊ុយក្រែននឹងមានឱកាសដ៏ល្អសម្រាប់ជោគជ័យ”។

បើតាមលោកប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គីនៅដើមសប្តាហ៍នេះ ការពិភាក្សាផែនការ​វាយរំដោះខ្នាតធំគឺបានកំពុងធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលគ្រឿងជំនួយ​លោកខាងលិច​រថក្រោះខ្លារខិន ពាសដែក និងទាហានសុទ្ធតែបានបញ្ចប់ការបង្វឹកនិងបាន​មកដល់អ៊ុយក្រែនអស់ហើយ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា