សន្ដិសុខសង្គម

បុរសចិនបើករថយន្តបុកម៉ូតូប៉ើងធ្លាក់ចូលប្រឡាយទឹកស្អុយរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្ត PRADO បុកម៉ូតូបងប្អូនជិះឌុបគ្នាចេញពីសាលា​បត់ឆ្លងផ្លូវ បណ្តាលឱ្យប៉ើងធ្លាក់ចូលប្រឡាយទឹកស្អុយរងរបួសធ្ងន់២នាក់។ហេតុការណ៍ខាងលើ​បានកើតឡើងស្ថិតនៅផ្លូវជាតិលេខ៤ ជិតផ្លូវរថភ្លើងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៨ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ២នាក់បងប្អូនឈ្មោះ ឡុង វីរៈស័ក្ត អាយុ១៥ឆ្នាំសិស្ស​សាលាជម្ពូវ័នបាក់ជើងឆ្វេងរងរបួសធ្ងន់និងឈ្មោះឡូញ ចាវ អាយុ២៣ឆ្នាំ ជាងដែកត្រូវជាបង។ពួកគេនៅភូមិផ្សារកំបូល សង្កាត់/ខណ្ឌកំបូល។

មុនកើតហេតុ ជនរងគ្រោះ២នាក់ជិះម៉ូតូហុងដាឌ្រីមចេញពីសាលារៀនទៅផ្ទះ តាមផ្លូវជាតិលេខ៤ពីកើតទៅលិច។មកដល់កន្លែងខាងលើស្រាប់តែរថយន្តម៉ាកPRADO ផ្លាកលេខភ្នំពេញ2H-8818 បើកពីលិចទៅកើតបានបត់ឆ្លងផ្លូវទៅបុកម៉ូតូប៉ើងធ្លាក់ចូលក្នុង​ប្រឡាយទឹកស្អុយ បណ្តាលឱ្យរងរបួសធ្ងន់២នាក់។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យ។ចំណែករថយន្ត-ម៉ូតូ​និងបុរសចិនជាអ្នកបើកបរត្រូវសមត្ថកិច្ចយកទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ