សន្ដិសុខសង្គម

ទំនងស្រវឹងបើករថយន្តបុកដើមត្នោតខ្ទាតធ្លាក់ផ្លូវក្រឡាប់រងរបួស​ធ្ងន់

កែប៖បុរសម្នាក់ទំនងស្រវឹង បានបើករថយន្តជ្រុលទៅបុកដើមត្នោត ហើយខ្ទាតធ្លាក់ផ្លូវ ក្រឡាប់បណ្តាលឱ្យតៃកុងរងរបួសធ្ងន់។

សមត្ថកិច្ច​បានឱ្យ​ដឹងថា មានគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែមីនា។ ករណីនេះកើតឡើង​ដោយរថយន្តម៉ាកកាមរី ហាយប្រ៊ីដ ផ្លាកលេខ2Q-1155 បើកបរពីលិចទៅកើតក្នុងល្បឿនលឿន។

អ្នកបើកបរសង្ស័យងងុយដេក ឬស្រវឹងស្រា ធ្វើឱ្យរថយន្តរេខុសផ្លូវជ្រុលទៅបុកដើមត្នោត ហើយក្រឡាប់គ្រោះថ្នាក់តែម្នាក់ឯង។ចំណែករថយន្តខូចខាតយ៉ាងដំណំ។តៃកុងរថយន្តឈ្មោះ ជួប វាសនា អាយុ២៩ឆ្នាំ កន្លែងកំណើតភូមិដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនតាមរថយន្តទៅមន្ទីរពេទ្យខេត្តកំពត។ចំណែករថយន្ត បានស្ទូចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើររង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ