សន្ដិសុខសង្គម

ឃើញរន្ធក្ដាមលូកដៃត្រូវពស់ចឹកទៅមន្ទីរពេទ្យ៦ថ្ងៃក្រោយបានស្លាប់

ប៉ៃលិន៖ស្ត្រីម្នាក់បាននាំកូន២នាក់ទៅរកត្រីក្នុងស្រះ ឃើញរន្ធក្ដាមក៏លូកដៃ តែត្រូវពស់ចឹក ក្រុមគ្រួសារបានដឹកទៅមន្ទីរពេទ្យ លុះ៦ថ្ងៃក្រោយជនរងគ្រោះបានស្លាប់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិកោះកែវ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២២ ខែមីនា។

ស្ត្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ រិន ម៉ាប់ អាយុ៦០ឆ្នាំ នៅភូមិឃុំខាងលើ។មុនកើតហេតុ ស្ត្រីម្នាក់បាននាំកូនទៅរកត្រីក្នុងស្រះ ក្រឡេកឃើញរន្ធក្ដាមក៏យកដៃលូកត្រូវពស់ចឹកតែម្ដង។

បន្ទាប់មកបានដើរមកផ្ទះវិញហើយប្រាប់គេថា ពស់ចឹកដៃដោយសារលូកក្នុងរន្ធក្ដាម។ ភ្លាមនោះកូនៗនាំគ្នាទៅរុកក្នុងរន្ធនោះឃើញពស់ក៏វ៉ៃងាប់ ព្រោះជាពស់វែកមានពិស។ក្រោយមកក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យខេត្តប៉ៃលិនបាន២ថ្ងៃ ក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបងទៀត។ រហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ជនរងគ្រោះបានស្លាប់៕ដោយ៖វិចិត្រ