សេដ្ឋកិច្ច

ផ្លែស្វាយកែវរមៀតនៅខេត្តសឹ្ទងត្រែងឆ្នាំនេះលក់បានថ្លៃខ្ពស់ជាងឆ្នាំមុន

ដោយ៖ សុខុម

ផ្លែស្វាយកែវរមៀតដែលប្រជាកសិករដាំនៅខេត្តស្ទឹងត្រែង គិតត្រឹមចុងខែមីនា ឆ្នាំ២០២៣នេះតម្លៃបានហក់ឡើងខ្ពស់ជាងបណ្តាឆ្នាំកន្លងមក ដោយឈ្មួញបានប្រមូលទិញក្នុងមួយគីឡូក្រាមពី៩០០ទៅ១០០០រៀល។

អ្នកមានចម្ការស្វាយកែវរមៀតបានប្រាប់ឲ្យដឹងថា នៅឆ្នាំនេះគ្រាន់តែតម្លៃលក់ចេញពីចម្ការផ្លែស្វាយកែវរមៀត ដែលគេប្រមូលទិញជាប្រភេទផ្លែស្វាយធំចាស់ល្អ អាចយកទៅបន្ទុំបានគឺឈ្មួញកណ្ដាលឲ្យតម្លៃក្នុងមួយគីឡូក្រាមពី៩០០ទៅ១០០០រៀលឯណោះ។

រីឯប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ តម្លៃផ្លែស្វាយកែវរមៀត ក្នុងមួយគីឡូក្រាមកសិករលក់បានត្រឹមតែពី៣០០ទៅ៣៥០រៀលប៉ុណ្ណោះ។ អ្នកដាំខ្លះបង្ខំចិត្តទុកឲ្យទុំជ្រុះចោលពេញចម្ការព្រោះលក់មិនដាច់ ដោយគ្មានអ្នកទិញ។ ប៉ុន្តែសម្រាប់ឆ្នាំនេះអ្វីៗវាហាក់មានការផ្លាស់ប្តូរតម្លៃស្វាយមានទីផ្សារល្អគ្រាន់បើធ្វើឲ្យអ្នកដាំសម្បាយចិត្ត។

លោកស្រី សុ ភា អ្នកប្រមូលទិញស្វាយ កែវរមៀតនៅភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទងត្រែង បានឲ្យដឹងថា ស្វាយកែវរមៀតមានពីរប្រភេទគឺលេខ១ និងលេខ២,មានតូច ធំ” ជាប្រភេទស្វាយដែលចាស់ល្អ ក្នុងមួយគីឡូក្រាមទិញចូល១០០០រៀលគិតត្រឹមពាក់កណ្តាលខែមីនានេះ។ ចំពោះខែខាងមុខតម្លៃ អាចនឹងហក់ឡើងទៀតក៏ថាបាន ព្រោះវាអាស្រ័យទៅលើទីផ្សារ ក្រៅប្រទេស។

អ្នកស្រីបាននិយាយបន្ថែមទៀតថា ទីផ្សារក្រៅប្រទេសនោះគឺមានដូចជានៅប្រទេសឡាវ និងប្រទេសវៀតណាម។

ប្រជាកសិករ ក៏បានសំណូមពរដល់ក្រសួងពាក់ព័ន្ធ សូមជួយរកទីផ្សារឲ្យបានថ្លៃជាងនេះបន្តិចទៀតហើយមានស្ថេរភាព ដើម្បីឲ្យកសិករដែលជាអ្នកដាំមានកម្លាំងចិត្តនិងខិតខំប្រឹងប្រែងដាំដុះដំណាំស្វាយនេះឲ្យបានច្រើនបន្ថែមទៀត។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់អ្នកយកព័ត៌មានCambodia Flash News នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ថា ផ្ទៃដីចំការដាំស្វាយកែវរមៀតនៅទូទាំងខេត្តស្ទឹងត្រែងគឺមានប្រមាណជា ២៣៣៤ហិកតា សរុបទាំងស្វាយដាំដោយក្រុមហ៊ុននិងដាំជាលក្ខណៈគ្រួសារ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ការប្រមូលផលស្វាយកែវរមៀតនៅពេលនេះ គឺជាការប្រមូលផលផ្លែស្វាយតាមរដូវ។ មន្ត្រីជំនាញនឹងមានផែនការបង្កើតយុទ្ធសាស្ត្របន្ថែមទៀតពោលគឺដើម្បីធ្វើយ៉ាងណាជំរុញដល់កសិករឲ្យដាំស្វាយដែលទទួលផលបានខុសរដូវនៅពេលខាងមុខនេះ៕