សន្ដិសុខសង្គម

​កែច្នៃកាំភ្លើងលួច​បាញ់​សត្វ​ប្រើស​ក្នុង​សួនឧទ្យាន​ភ្នំ​តា​ម៉ៅចាប់បញ្ជូនទៅតុលាការ

តាកែវ៖នគរបាលខេត្តតាកែវ បានចាប់បុរស​ម្នាក់កែ​​ច្នៃ​កាំភ្លើង​លួច​បាញ់​ស​ម្លា​ប់​សត្វ​ប្រើស ក្នុងសួនឧទ្យាន​ភ្នំ​តា​ម៉ៅហើយពន្លះសាច់យកទៅលក់ ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ​។

សមត្ថកិច្ចបានឱ្យដឹងថា កាលពី​វេលាទៀបភ្លឺ​ថ្ងៃ​ទី​២៧ ខែមីនា មានករណី​លួច​បាញ់​ស​ម្លា​​ប់​សត្វ​ប្រើស​មួយ​ក្បាល នៅ​ឧទ្យាន​សួនសត្វ​ព្រៃ​ការពារ និង​សួន​​ភូតគាម​ភ្នំ​តា​ម៉ៅ ​ក្នុងភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។ជនសង្ស័យ​​ឈ្មោះ ធឹ​ម រ៉ា​វី អាយុ៣៥ឆ្នាំ នៅភូមិឃុំខាងលើ បាន​ប្រើ​កាំ​ភ្លើ​​ង​កែ​ច្នៃ​បាញ់​ស​ម្លា​​ប់​សត្វ​ប្រើស​១​ក្បាល រួច​ពន្លះយក​សាច់​ទៅ​លក់​។

​ប្រជាពលរដ្ឋ​បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឃើញបុរសម្នាក់​មាន​សាច់សត្វ​ប្រើស​លក់។បន្ទាប់ទទួលបានព័ត៌មាន កម្លាំងនគរបាលបាន​​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ទាន់ និង​​ដកហូត​កាំ​ភ្លើ​ង​កែ​ច្នៃ​១​ដើមនិងសាច់ប្រើសមួយចំនួនយក​ទៅ​សាកសួរ​។

ជនសង្ស័យ​​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​កែច្នៃ​កាំ​ភ្លើ​​ង​បាញ់​ស​ម្លា​​ប់​សត្វ​ប្រើសពន្លះ​យក​សាច់​ទៅ​លក់​ពិតប្រាកដ​មែន។សាច់ប្រើស​លក់​ក្នុង​១​គីឡូក្រាមតម្លៃ​៣​ម៉ឺន​រៀល រីឯក្បាលនិង​ស្បែកបាន​បោះចោល​ក្នុង​ព្រៃ​​។ក្រោយមក​សមត្ថកិច្ចបាន​កសាង​សំណុំរឿង​បញ្ជូនទៅតុលាការ ដើម្បី​ចាត់ការ​តាម​​ច្បាប់​៕ដោយ៖វិចិត្រ