អន្តរជាតិ

អតីតប្រធានាធិបតីតៃវ៉ាន់ថា៖ “យើងសុទ្ធតែជាជនជាតិចិន” ក្នុងដំណើរទស្សនកិច្ចទៅចិនដីគោក

អតីតប្រធានាធិបតីតៃវ៉ាន់ លោកMa Ying-jeou បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ចិនដីគោក​ជាលើកដំបូងនៅសប្តាហ៍នេះថា “យើងទាំងអស់គ្នាសុទ្ធតែជាជនជាតិចិនដូចគ្នា” ខណៈរដ្ឋបាល​កាន់អំណាចកោះតៃវ៉ាន់បញ្ចេញការងឿងឆ្ងល់។

ក្នុងដំណើរទស្សនកិច្ចមិនធ្លាប់មានពីមុនមករបស់មន្រ្តីនៃកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ ១៩៤៩មកនៅថ្ងៃអង្គារទី ២៨ ខែមីនា ឆ្នាំ២០២៣នេះ លោក Ma ដែលធ្លាប់បានកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ពីឆ្នាំ ២០០៨ដល់២០១៦ ស្រាប់តែបានពោលពាក្យប្លែកគួរឲ្យកត់សម្គាល់ ដោយហាក់ដូចជាបានបង្ហាញនូវសាមគ្គីភាព ការទទួលស្គាល់ត្រូវគ្នាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ លោក Ma នៅក្នុងការអត្ថាធិប្បាយនៅទីក្រុងណានជីងភាគខាងកើតនៃប្រទេសចិននៅវិហារស៊ុនយ៉ាតសេន ជាកន្លែងដែលមានរូបសំណាករំលឹកដល់ការផ្តួលរំលំរបបអធិរាជចិនចុងក្រោយនៅឆ្នាំ ១៩១១ថា “ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាជនជាតិចិន ហើយកូនចៅទាំងពីរ​គឺជាសាច់ឈាមរបស់អធិរាជ”។ Ma បានប្រើពាក្យក្នុងភាសាចិនមានន័យថា ប្រជាជននៃជនជាតិចិនទាំងអស់ ជាជាងសំដៅលើសញ្ជាតិបច្ចុប្បន្នរបស់ពួកគេ។

ទស្សនកិច្ចនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលដែលទីក្រុងប៉េកាំងប្រើមធ្យោបាយនយោបាយ និងយោធា ដើម្បីព្យាយាម និងដាក់សម្ពាធលើរដ្ឋបាលប្រជាធិបតេយ្យកោះតៃវ៉ាន់ឲ្យទទួលយកអធិបតេយ្យភាពរបស់ចិន។ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យលោកស្រីសៃអ៊ីងវិន ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់​បានចោទសួរថា ហេតុអ្វីបានជាលោកម៉ា ទៅបំពេញទស្សនកិច្ច ទាំងដែលមានភាពតានតឹងដូច្នេះ ពិសេសទាំងដែលប្រទេសចិនបានដកយកសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់មួយទៀតគឺហុងឌូរ៉ាសកាលពីថ្ងៃអាទិត្យនោះ។

យ៉ាងណាក៏ដោយ លោក Ma មិន​មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​ចិនសំខាន់ៗណាមួយឡើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា