សន្ដិសុខសង្គម

ម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតបាក់ជើងម្ខាង

បាត់ដំបង៖គ្រោះថ្នាក់ចរចាររវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀត បាក់ជើងម្ខាងរងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីមឆ្នាំ០៩៧ គ្មានផ្លាកលេខបើកបរដោយឈ្មោះ អ៊ូ ធៀប អាយុ៤៥ឆ្នាំ នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបើកឆ្លងផ្លូវពីត្បូងទៅជើង។មកដល់កន្លែងខាងលើស្រាប់តែមានម៉ូតូហុងដាឌ្រីមឆ្នាំ០១៤ ផ្លាកលេខបាត់ដំបង 1T-0043 បើកពីកើតទៅលិចក្នុងល្បឿនលឿនបានបុកចំហៀងពេញទំហឹង បណ្តាលឱ្យមានស្លាប់និងរបួសតែម្តង។ជនរងគ្រោះខាងម៉ូតូ០១៤បានស្លាប់ភ្លាម រីឯខាងម៉ូតូ០៩៧បាក់ជើងម្ខាងរងរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខេត្តបានចុះពិនិត្យនិងចាត់ការតាមនីតិវិធី។ ចំណែកសពបានតម្កល់នៅវត្តដំរីស ក្នុងខេត្តបាត់ដំបង ដើម្បីរង់ចាំក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ