សន្ដិសុខសង្គម

មន្ត្រីនគរបាលសក្តិ៤ម្នាក់បាញ់សម្លាប់ខ្លួនឯងបង្កភ្ញាក់ផ្អើលកណ្តាលយប់

ភ្នំពេញ៖មន្ត្រីនគរបាលស័ក្តិ៤ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត ធ្ងន់ធ្ងរមិនអាចដោះស្រាយបាន សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងទាំងកណ្តាលយប់។ករណីធ្វើអត្តឃាតបង្កភ្ញាក់ផ្អើលនេះ ស្ថិតនៅតាមផ្លូវ៥៣BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អត្តឃាតជនឈ្មោះ ស៊ុម រី អាយុ៥៤ឆ្នាំ​ បម្រើការងារ ក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ​ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ស្នាក់នៅភូមិសង្កាត់ខាងលើ។

​ក្រុមគ្រួសារបានឱ្យដឹងថា​ មុនកើតហេតុ ​ពួកគាត់ជាប្អូនៗបានដេកនៅខាងលើផ្ទះ​។ចំណែកបងបានសម្រាកខាងក្រោមតែម្នាក់ឯង​។លុះដល់ម៉ោងជាង២​រំលងអធ្រាត្រ​ក៏មានស្នូរផ្ទុះកាំភ្លើង មួយគ្រាប់​។ភ្លាមៗនោះពួកគាត់ក៏នាំគ្នាចុះទៅមើលស្រាប់តែឃើញបងបានបាញ់ខ្លួនឯង ចំសៀតផ្កាស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តថា កន្លងមកអត្តឃាតជនមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនដូចជា ជំងឺថ្លើម-ក្រពះនិងពោះវៀនជាយូរមកហើយ ដោយមិនចង់ឱ្យក្រុមគ្រួសារពិបាករកលុយព្យាបាល ទើបគាត់សម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងបែបនេះតែម្តង៕ដោយ៖វិចិត្រ