សន្ដិសុខសង្គម

បញ្ជូនជនជាតិឡាវ២នាក់ជាមួយគ្រឿងញៀនជាង១២គីឡូទៅតុលាការ

ស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៧ ខែមីនា បានចាប់បុរសឡាវ២នាក់ ដែលដឹកគ្រឿងញៀនជាង១២គីឡូក្រាមពីប្រទេសឡាវចូលមកកម្ពុជាតាមច្រករបៀង។

មកដល់រសៀលថ្ងៃទី២៨ ខែមីនានេះមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទាំង២នាក់ទៅតុលាការដើម្បីបន្តនីតិវិធី។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ២៧មីនា សមត្ថកិច្ចខេត្ត ជាមួយផ្នែកជំនាញ ក.៩និងBLO នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ។កម្លាំងបានសហការបង្រ្កាប​ករណីដឹកជញ្ជូនបទល្មើសគ្រឿងញៀនឆ្លងដែន នៅត្រង់ស្ពានទី២ ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចចម្រុះបានចាប់ជនសង្ស័យ២នាក់ជាជនជាតិឡាវ ឈ្មោះ កែវ គង់មឿង អាយុ២៣ឆ្នាំ នៅស្រុកកៃសាន ខេត្តសុវណ្ណខេត្ត។ឈ្មោះ ណុក សុវណ្ណសាន អាយុ២០ឆ្នាំ នៅស្រុកហ្វឿង រាជធានីរៀងចន្ទន៍។ជាមួយនោះវត្ថុតាងចាប់បាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១៣កញ្ចប់ ទម្ងន់សរុប១២.៧៤៥ក្រាម។ រថយន្ត១គ្រឿងម៉ាកCARENS ផ្លាកលេខឡាវ-១៨១១-ទូរសព្ទ១គ្រឿង-ម៉ូតូ១គ្រឿង-លុយចំនួន៧៦.០០០គីប-លិខិតឆ្លងដែន១-អត្តសញ្ញាណបណ្ណ១-កាត ATM ៣ និងលិខិតពាក់ព័ន្ធ៣ច្បាប់។

បន្ទាប់ពីនោះមន្ត្រីផ្នែកបង្ក្រាបគ្រឿងញៀនសហការជាមួយភាគីឡាវ បន្តតាមចាប់មេខ្លោង​និងបក្ខពួកនៅកម្ពុជានិងនៅឡាវ ហើយបើកការស្រាវជ្រាវករណីសម្អាតប្រាក់ក្នុងនិង​ក្រៅប្រទេសតាមរយៈMLA៕ដោយ៖សុខុម