ព័ត៌មានជាតិ

នាវាកងស្វ័យការពារដែនសមុទ្រជប៉ុន ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖  នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនJMSDF DD-104 JS KIRISAME មកបំពេញទស្សនកិច្ចនៅកម្ពុជានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣ ។

នាវាចូលចតនេះ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងលោកឧត្តម សេនីយ៍ត្រី ផន យិនយូរ៉ា នាយករង នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសគណៈប្រតិភូពីទាហានជើងទឹកកម្ពុជា។

ការសុំចូលចតរបស់នាវានេះដែរគឺផ្តោតសំខាន់ក្នុងការ ផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការ លើវិស័យយោធា  វិស័យល្បាត ការពារសន្តិសុខក្នុងលម្ហរសមុទ្រ និងចំណងមិត្តភាព ទស្សនកិច្ចជា ផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក MAKI TAKAYUKI។

ព្រះសីហនុ គឺជាខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា  ដូច្នេះត្រូវចាំបាច់ណាស់ដើម្បីទទួលស្វាគមន៍​នាវាចម្បាំងកងទ័ពជើងទឹក JMSDF DD-104 JS KIRISAME ក៏ដូចជានាវាចម្បាំងកងទ័ពជើងទឹកពីបណ្តា​ប្រទេសដទៃទៀតដែលមានបំណងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លក្ខណៈ បច្ចេកទេស របស់នាវានេះមានបណ្ដោយ១៥១ម៉ែត្រ ទទឹង១៧,៤ម៉ែត្រ ជម្រៅទឹក៩ម៉ែត្រ ទម្ងន់ផ្ទុក៤.៥៥០តោន ចំនួនមនុស្ស១៧០នាក់ មានHelicopter ចំនួន ១គ្រឿង៕ដោយ៖វិចិត្រ