សន្ដិសុខសង្គម

តាមចាប់ជនសង្ស័យប្រើកាំភ្លើង​បាញ់ ឱ្យ​ស្លាប់​២នាក់​និង​អតីត​ប្រពន្ធរងរបួស​ធ្ងន់​

​កំពង់ធំ៖សមត្ថកិច្ចកំពុងស្វែងរកចាប់​ជនសង្ស័យម្នាក់ ដែលបានប្រើកាំភ្លើងខ្លីបាញ់​សម្លាប់ក្រុមគ្រួសារខាងស្រីបណ្តាលឱ្យស្លាប់២នាក់ និងអតីតប្រពន្ធបានរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព​បាញ់ប្រហារចំនួន​៥គ្រាប់​ទៅលើក្រុមគ្រួសារ​ខាងស្រី​​ បណ្ដាលឱ្យ​មនុស្ស​២នាក់ស្លាប់ ​និងអតីត​ប្រពន្ធរងរបួស​ធ្ងន់​​។ ក្រោយពីបាញ់រួចជន​ដៃដល់​​ជិះម៉ូតូគេចខ្លួនបាត់។

ក្រុមគ្រួសារជនរងគ្រោះ​បានឱ្យដឹងថា​ ជនដៃដល់បានប្រើកាំភ្លើងម៉ាក​រ៉ូឡូ​អូទ្រីស​ បាញ់ប្រហារ លើអតីតប្រពន្ធឱ្យរងរបួសធ្ងន់និងចូលដល់ក្នុងផ្ទះបាញ់​បន្ថែមបណ្ដាលឱ្យ​បុរស​ម្នាក់និងស្ត្រីម្នាក់បានស្លាប់​។ប្រភពបានបន្តថា ពួកគាត់មិនដឹងពីមូលហេតុអ្វីនោះទេ​ដែលធ្វើឱ្យ​ជនដៃដល់​ ហ៊ាន​ធ្វើបែបនេះ​។ប៉ុន្តែខាងស្រី​និងជនដៃដល់បានលែងលះគ្នា​ដោយ​មិនទាន់ដាច់ស្រេចនៅឡើយ។

ក្រោយមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចខេត្តកំពុងស្រាវជ្រាវតាមចាប់ខ្លួន​ជនសង្ស័យរូបនេះដើម្បីដឹងពីមូលហេតុនៃការបាញ់សម្លាប់នេះនិងយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ