អន្តរជាតិ

ចិនថាល្មមៗបានហើយ សង្រ្គាមនុយក្លេអ៊ែរនឹងមិនមាននរណាឈ្នះឡើយ

ក្រោយរុស្ស៊ីបានចេញប្រកាសថានឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស មហាយក្សចិនដែលជាសម្ព័ន្ធមិត្តដែកថែបបានចេញនិយាយថា ល្មមៗបានហើយហានិភ័យគួរតែ​ត្រូវបានកាត់បន្ថយ សង្រ្គាមនុយក្លេអ៊ែរនឹងមិនអាចរកអ្នកឈ្នះឃើញឡើយ។

នេះដោយយោងទៅតាមទីភ្នាក់ងារព័ត៌មាន Ukrinform ដែលបានដកស្រង់សម្តីលោកស្រី Mao Ning ជាតំណាងផ្លូវការរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣។

សម្រង់សម្ដីលោកស្រី Ning៖ “ដូចដែលមេដឹកនាំនៃប្រទេសទាំង៥ ដែលមានអាវុធនុយក្លេអ៊ែរ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីខែមករាឆ្នាំមុនបញ្ជាក់ថា វាមិនអាចទៅរួចទេក្នុងការឈ្នះ ឬធ្វើសង្គ្រាមនុយក្លេអ៊ែរ។  ហើយសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើតម្រូវការដើម្បីជៀសវាងសង្គ្រាម​រវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ”។

តាមប្រភពដដែល សេចក្តីថ្លែងការណ៍ហាក់មិនបាននិយាយអ្វីធ្ងន់ធ្ងរវែងឆ្ងាយ ឬដាក់សម្ពាធទៅកាន់​លោកប្រធានាធិបតិរុស្ស៊ីវ្ល៉ា ឌឹមៀរពូទីននោះទេ​បើទោះជាភាពតានតឹងកើនឡើងខ្លាំងដោយសារ​លោកពូទីនជាអ្នកចេញប្រកាសផ្ទាល់មាត់ថាដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុសក៏ដោយ។ ការបង្ហាញសាច់ដុំរបស់រុស្ស៊ីធ្វើឡើងកាលពីថ្ងៃអាទិត្យទី ២៦ ខែមីនា ឆ្នាំ២០២៣ ដោយថា នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ជាមួយនឹងកន្លែងស្តុកទុករួចរាល់នៅខែកក្កដាខាងមុខ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា