សន្ដិសុខសង្គម

ចាប់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀន​និងវត្ថុតាងទម្ងន់ជាង១៣គីឡូក្រាមបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណីគ្រឿងញៀននៅ២ទីតាំងផ្សេងគ្នា ក្នុងក្រុងភ្នំពេញ និងចាប់បុរសម្នាក់ជាមួយគ្រឿងញៀនជាង១៣គីឡូក្រាម។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ផ្នែកជំនាញ ក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ ជាមួយនគរបាលភ្នំពេញ បានសហការបង្ក្រាបករណីគ្រឿងញៀន​នៅ២គោលដៅផ្សេងគ្នា​ក្នុង​រាជធានី​ភ្នំពេញ​ ដោយចាប់ជនសង្ស័យម្នាក់​និងគ្រឿងញៀនជាង១៣គីឡូក្រាម។

ប្រភពដដែលបានបន្តថា ករណីបង្ក្រាបគ្រឿងញៀននេះ​ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែមីនា នៅ២គោលដៅផ្សេងគ្នា។ទី១-នៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ និងទី២-ផ្លូវលេខ២១៧ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងការចុះបង្ក្រាបនេះ​ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ឈ្មោះ នៅ សុខ អាយុ៤២ឆ្នាំ ជាមួយគ្រឿងញៀនច្រើនប្រភេទ សរុបជាង១៣គីឡូក្រាម។ក្រោយមកជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ