អន្តរជាតិ

អ៊ុយក្រែនអះអាងថាបានសម្លាប់មេបញ្ជាការរុស្ស៊ី Dmitry Lysitsky មេខ្លោងធំសម្លាប់ជនជាតិអ៊ុយក្រន

ព័ត៌មានចុងក្រោយ អ៊ុយក្រែនអះអាងថាបានសម្លាប់មេបញ្ជាការរុស្ស៊ីលោក Dmitry Lysitsky ដែលជាមេខ្លោងធំសម្លាប់ជនជាតិអ៊ុយក្រែនរង្គាលឆ្នាំ២០១៤បានសម្រេច។

យោងតាមអ្នកកាសែតយោធាអ៊ុយក្រែន Yuriy Butusov បានរាយការណ៍មកកាលពីថ្ងៃអាទិត្យទី ២៦ ខែមីនាថា ប្រទេសអ៊ុយក្រែនបានកម្ចាត់សម្លាប់មេបញ្ជាការរុស្ស៊ីលោក Dmitry Lysitsky បានសម្រេចពិតប្រាកដមែន ខណៈបុគ្គលរូបនេះបានបញ្ជាឱ្យសម្លាប់អ្នកការពារអ៊ុយក្រែនរាប់រយនាក់ ដែលបានព្យាយាមទម្លុះការឡោមព័ទ្ធរបស់រុស្ស៊ីនៅសមរភូមិ Ilovaisk តំបន់ដុនបាស ខេត្តដូណេតក្នុង ២០១៤។

ការលុបបំបាត់មេបញ្ជាការរុស្ស៊ីដ៏សំខាន់ម្នាក់នេះ គឺជាផ្នែកមួយនៃប្រតិបត្តិការសងសឹកសម្រាប់​ការសម្លាប់រង្គាលនៅ Ilovaisk ដែលក្នុងនោះទាហានអ៊ុយក្រែន ៣៦៦ នាក់ត្រូវបានសម្លាប់ ជិត ៤៥០ នាក់បានរងរបួស និង ៣០០នាក់ត្រូវបានជាប់គុក។ សោកនាដកម្ម Ilovaisk គឺជាសមរភូមិដ៏សាហាវ​បំផុតមួយក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន។ នៅចុងខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ទាហានអ៊ុយក្រែនត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ីនៅជិត Ilovaisk ។  យោងតាមកិច្ចព្រមព្រៀង​ទៅវិញទៅមករវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកការពារត្រូវបានគេសន្មតថាចាកចេញពីទីក្រុងតាមរយៈ “ច្រករបៀង” មនុស្សធម៌។ ទោះយ៉ាងណាក៏ដោយ ទាហានរុស្ស៊ីបានចាប់ផ្តើមបាញ់ផ្លោង នៅពេលដែលទាហានអ៊ុយក្រែនទាំងនោះបានព្យាយាមឆ្លងកាត់៕

ប្រភព៖Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា