អន្តរជាតិ

ផ្ទុះបាតុកម្មនៅអ៊ីស្រាអែល ក្រោយនាយករដ្ឋមន្រ្តី Netanyahuបណ្តេញរដ្ឋមន្រ្តីការពារជាតិពីតំណែង

ផ្ទុះបាតុកម្មចលាចលខ្លាំងនៅផ្នែកខ្លះនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី ២៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្រ្តី Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់គាត់ពីតំណែង។

ការបណ្តេញលោករដ្ឋមន្រ្តីការពារជាតិ Yoav Gallant ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ​ការិយាល័យនាយករដ្ឋមន្ត្រីក្នុងការប៉ុនប៉ងរបស់រដ្ឋាភិបាល បានធ្វើឱ្យមានបាតុកម្មដ៏ចលាចល​នៅយប់ថ្ងៃអាទិត្យ នៅក្នុងនិងជុំវិញទីក្រុង Tel Aviv ជាទីដែលក្រុមបាតុករបានបិទផ្លូវហាយវេច្រើនខ្សែ និងបានដុតបំផ្លាញផ្លូវធំៗចំនួនពីរ និងនៅក្នុងទីក្រុង Jerusalem ជាកន្លែងដែលហ្វូងមនុស្សបានទម្លុះ​របាំងប៉ូលិសនៅខាងក្រៅគេហដ្ឋានឯកជនរបស់លោកនាយករដ្ឋមន្រ្តី Netanyahu។ បាតុកម្មត្រូវបានគេគ្រោងថានឹងបន្តនៅថ្ងៃចន្ទនេះបន្ថែមទៀត។

ការបណ្តេញចេញពីតំណែង បានកើតឡើងបន្ទាប់ពីលោករដ្ឋមន្រ្តីការពារជាតិរូបនេះ​បានជំរុញ​បដិសេធនឹងរដ្ឋាភិបាលដែលចង់រុះរើប្រព័ន្ធតុលាការកំពូលរបស់ប្រទេសកាលពីយប់ថ្ងៃសៅរ៍។ លោក Gallant បានជំរុញថា ច្បាប់របស់តុលាការត្រូវតែពន្យារពេល កុំទាន់អាលរុះរើ។ លោកក៏ព្រមានពីភាពចលាចលក្នុងវិស័យយោធា មានការគំរាមកំហែងដល់សន្តិសុខ​របស់អ៊ីស្រាអែលដែរ។ លោក Gallant បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថ្ងៃមុន​ពេលគាត់ត្រូវបានបណ្តេញចេញថា “ភាពប្រេះឆានៅក្នុងសង្គមរបស់យើងកំពុងពង្រីក និងជ្រៀតចូលកងកម្លាំងការពារអ៊ីស្រាអែល”។ លោក​បាន​និយាយ​ថា​ ការ​ខ្វែង​គំនិត​គ្នា​បាន​បណ្តាល​ឲ្យ​មាន “គ្រោះថ្នាក់​ច្បាស់​លាស់ និង​ភ្លាមៗ និង​ជាក់ស្តែង​ចំពោះ​សន្តិសុខ​របស់​រដ្ឋ ខ្ញុំ​នឹង​មិន​ចូល​ជា​ភាគី​ចំពោះ​រឿង​នេះ​ទេ”៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា