អន្តរជាតិ

អ៊ុយក្រែនថាបានបើកការវាយបករុស្ស៊ីច្រើនជាង៥០ដងនៅជួរមុខភាគខាងកើតថ្ងៃអាទិត្យ២៦មីនា

កងកម្លាំងការពារជាតិអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា បានបើកការវាយលុកបករុស្ស៊ី​ជាង៥០ដងនៅតាមខ្សែបណ្តោយជួរមុខភាគខាងកើត បង្អាក់ដំណើរការរុលរបស់រុស្ស៊ី។

សេចក្តីសង្ខេបព័ត៌មានពេលល្ងាចថ្ងៃអាទិត្យទី ២៦ ខែមីនា ឆ្នាំ២០២៣ របស់អគ្គសេនាធិការនៃ​កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ក្រុម​អ្នក​ការពារ​អ៊ុយក្រែន​បាន​វាយ​បក​វិញ​នូវ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ជាង ៥០ លើក​នៅតាមខ្សែបន្ទាត់ជួរ​មុខ Lyman, Bakhmut, Avdiivka និង Mariinka ជា​កន្លែង​ដែល​កង​ទ័ព​អរិភាព​កំពុង​រុល​ទៅមុខ។ សេចក្តីថ្លែងការណ៍បានថ្លែងអំណរអរគុណចំពោះ​សកម្មភាពប្រកបដោយវិជ្ជាជីវៈ និងសម្របសម្រួលរបស់អ្នកការពារអ៊ុយក្រែនដែលបានវាយលុកសត្រូវ​បង្អាក់ដំណើរការរុលបានច្រើនគួរឲ្យកត់សម្គាល់។

សេចក្តីរាយការណ៍បានបន្តថា អំឡុងពេលថ្ងៃ ខាងរុស្ស៊ីបានបើកការវាយលុកមកវិញក្នុងទិសដៅ​ជាច្រើននៃខេត្តដូណេត ក៏ប៉ុន្តែមិនមានការផ្លាស់ប្តូរប្លែកណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ជាក់ស្តែងដូចជានៅលើរណសិរ្ស Volyn, Polissia, Sivershchyna និង Slobozhanshchyna រុស្ស៊ីបានត្រឹមតែបាញ់ផ្លោងប៉ុណ្ណោះ តែមិនមានសេចក្តីរាយការណ៍ពីការដណ្តើមកន្លែងណាមួយឡើយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា