កីឡា

អាជ្ញាធរខេត្តកំពង់ចាមរៀបចំទទួលព្រះអគ្គិជ័យកីឡានិងភ្លើងគប់ពីប្រទេសឡាវ

ដោយ៖ ប្រសិទ្ទ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានត្រៀមរៀបចំការដង្ហែមកដល់នៃព្រះអគ្គិជ័យកីឡា និងការ​រត់ភ្លើងគប់​ពីប្រទេសឡាវដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៨ ខែមីនា និងថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

បើតាមការបញ្ជាក់ពីលោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ២៧ ខែ មីនា នេះថា រដ្ឋបាលខេត្តនឹងប្រារពពិធីទទួលព្រះអគ្គិជ័យកីឡា និងការរត់ភ្លើងគប់ជាពីរដំណាក់កាល ហើយធ្វើការដង្ហែជុំខេត្តជាប់បឹងទន្លេសាប។ ការដង្ហែព្រះអគ្គិជ័យកីឡា និងការរត់ភ្លើងគប់ដំណាក់កាល​ទីមួយ នៅថ្ងៃទី ២៨ ខែមីនា ដោយធ្វើដំណើរចាប់ពីស្ពានគីហ្សូណា ក្រុងកំពង់ចាម ទៅដល់ព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល។ ដោយឆ្លងកាត់ក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកជើងព្រៃ និងស្រុកបាធាយ នឹងមានកន្លែងអបអរសាទរចំនួន ១១កន្លែង ក្នុងចម្ងាយផ្លូវប្រវែង ៨១.២០ គីឡូម៉ែត្រ។

លោកបញ្ជាក់បន្ថែមថា ដំណាក់កាលទីពីរ នៃការដង្ហែព្រះអគ្គិជ័យកីឡា និងការរត់ភ្លើងគប់​ឆ្លងកាត់ខេត្តកំពង់ចាមនៅថ្ងៃទី ៥ ខែឧសភា ចាប់ពីព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ ដល់ស្រុកមុខកំពូល ខេត្តកណ្តាលដដែល ដោយឆ្លងកាត់ស្រុកជើងព្រៃ និងស្រុកបាធាយ មានប្រវែងផ្លូវ ៨០,៣៥ គីឡូម៉ែត្រ៕