សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់បើកការស៊ើបអង្កេតរឿងអ្នកយកព័ត៌មានPNNធ្លាក់អណ្តូងស្លាប់

ដោយ៖សុខុម

ស្ទឹងត្រែង៖ សមត្ថកិច្ចខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅមិនទាន់បើកការស៊ើបអង្កេតជុំវិញរឿងអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍PNNប្រចាំភូមិភាគឦសានដែលបានស្លាប់ដោយសារធ្លាក់ក្នុងអណ្តូងនោះនៅឡើយទេ។

លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកព័ត៌មានCambodia Flash News នៅព្រឹកថ្ងៃទី២៧ ខែមីនានេះថា សមត្ថកិច្ចនៅមិនទាន់បើកការស៊ើបអង្កេតជុំវិញអ្នកយកព័ត៌មានឲ្យទូរទស្សន៍PNNស្លាប់ដោយសារតែធ្លាក់ក្នុងអណ្តូងចាស់នោះទេ។

លោកស្នងការរងបានបន្តថា ករណីដែលលោក ឡន វណ្ណា ធ្លាក់អណ្តូងស្លាប់នោះគឺមិនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តរប​ស់ជនណាម្នាក់ទៅលើលោកឡន វណ្ណា នោះឡើយ។ផ្ទុយទៅវិញរឿងនេះវាប្រាកដណាស់ថា គឺជនរងគ្រោះបានដើរធ្លាក់ចូលទៅក្នុងអណ្តូងដោយខ្លួនឯង។

លោកឧត្តមសេនីយ៍ សូ សុវណ្ណ បានឲ្យដឹងថា នៅពេលកើតហេតុភ្លាមគឺព្រលប់ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ នោះគ្រាន់តែទទួលបានព័ត៌មានភ្លាមរូបលោក រួមជាមួយអធិការនគរបាលក្រុងសែនមនោរម្យ មន្រ្តីអាវុធហត្ថ មន្រ្តីយោធានិងមនុស្សជាច្រើននាក់ទៀតបានចុះទៅដល់កន្លែងដើម្បីអន្តរាគមន៍ជួយសង្គ្រោះដោយរករថយន្តស្ទូចទៅស្ទូចចេញពីអណ្តូង។

លោកបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែង អណ្តូងនោះគឺជាអណ្តូងចាស់មិនប្រើ គេក៏បានគ្របក្តារហើយក្តារនោះចាស់ មានស្មៅដុះពីលើជម្រៅ២៤ម៉ែត្រ របស់អ្នកជិតខាង ដែលមានចម្ងាយប្រហែលជា២០ម៉ែត្រពីព្រំដីរបស់លោកឡន វណ្ណា។ ដូច្នេះហើយពេលព្រលប់ថ្ងៃទី២២ មីនានោះ លោកឡន វណ្ណា ចេពីផ្ទះទៅថតយកទេសភាពម្នាក់ឯងក៏ធ្លាក់ចូលអណ្តូងតែម្តង។នៅពេលធ្លាក់ឈ្មោះឡន វណ្ណាបានទូរសព្ទប្រាប់ប្រពន្ធដែលនៅក្នុងផ្ទះថាខ្លួនធ្លាក់អណ្តូងហើយ។

លោកស្នងការរងបានបន្ថែមថា បន្ទាប់ពីជួយស្ទូចចេញពីអណ្តូងមកដល់លើ គេក៏បានដឹកតាមរថយន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគកិរី។ក្រោយមកបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ហើយក៏បានស្លាប់ពេលបញ្ជូនត្រឡប់មកផ្ទះវិញនៅពាក់កណ្តាលផ្លូវនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕