សន្ដិសុខសង្គម

មន្ត្រីសាលាឃុំម្នាក់បើករថយន្តបុកបង្កាន់ដៃស្ពានក្រឡាប់បណ្តាលឱ្យស្លាប់ភ្លាម

កែប៖មន្ត្រីសាលាឃុំម្នាក់បានបើករថយន្តបុកបង្កាន់ដៃស្ពានក្រឡាប់បណ្តាលឱ្យស្លាប់ភ្លាម ។ហេតុការណ៍នេះ​បានកើតឡើងនៅលើផ្លូវប្របមាត់សមុទ្រ ក្រុងកែប កាលពីយប់ថ្ងៃទី២៦ ខែមីនា។

មន្ត្រីនគរបាលចរាចរណ៍ស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ពោញ សំបូរ អាយុ៤២ឆ្នាំ ជាជំនួយការស្មៀនសាលាឃុំអង្កោល នៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពដដែលបានបន្តថា កាលពីម៉ោងជិត១០យប់ ថ្ងៃទី២៦ ខែមីនា មានគ្រោះថ្នាក់ចរាចរមួយ​បានកើតឡើង ដោយរថយន្តបើកបុកបង្កាន់ដៃស្ពានក្រឡាប់ខ្លួនឯង បណ្តាលឱ្យអ្នកបើកបរ​ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ រថយន្តសង្គ្រោះបានដឹកសពទៅលំនៅប្រគល់ជូនសាច់ញាតិរៀបចំ​ធ្វើបុណ្យជាមួយរថយន្តដែលរងការខូចខាតនោះផងដែរដើម្បីយកទៅជួសជុល៕ដោយ៖កំចាយ