អន្តរជាតិ

ព្យុះប្រមោយដំរីវាយប្រហាររដ្ឋ Mississippiភាគខាងត្បូងអាម៉េរិកសម្លាប់យ៉ាងហោចណាស់២៥នាក់

ព្យុះប្រមោយដំរីវាយប្រហារដ្ឋ Mississippi ភាគខាងត្បូងអាម៉េរិកសម្លាប់មនុស្សយ៉ាងហោចណាស់​២៥នាក់​នៅរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ Mississippi បានដាក់ចំនួនអ្នកស្លាប់ចំនួន ២៥ នាក់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ហើយបាននិយាយថា មនុស្សរាប់សិបនាក់ទៀតបានរងរបួស ខណៈមនុស្សបួននាក់បានរាយការណ៍ថាបាត់ខ្លួន “តែត្រូវបានរកឃើញវិញហើយ”។ នៅក្នុងរដ្ឋអាឡាបាម៉ាក្បែរគ្នានោះ បុរសម្នាក់បានស្លាប់បន្ទាប់ពី រ៉ឺម៉កបានក្រឡាប់សង្កត់ដោយសារព្យុះ។ នេះបើយោងតាមការិយាល័យតម្រួតក្នុងតំបន់ Morgan County។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា លោក Biden បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរដ្ឋ កុលសម្ព័ន្ធ និងមូលដ្ឋាននៅក្នុងតំបន់ដែលរងផលប៉ះពាល់។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា មូលនិធិនេះនឹងផ្តល់ប្រាក់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់នៅក្នុងស្រុក Carroll, Humphreys, Monroe និង Sharkey។ យោងតាមលោក Nicholas Price ដែលជាអ្នកឧតុនិយមនៃ​សេវាកម្មអាកាសធាតុជាតិនៅទីក្រុង Jackson រដ្ឋ Mississippi បានឱ្យដឹងថា ខ្យល់ព្យុះកំបុតត្បូងប្រមោយដំរីបានវាយប្រហារប្រហែលមួយម៉ោងលើដី និងកាត់ផ្តាច់ផ្លូវបំផ្លិចបំផ្លាញចម្ងាយប្រហែល ២៧៤ គីឡូម៉ែត្រ ឆ្លងកាត់រដ្ឋ កាត់ផ្តាច់បណ្តាញខ្សែភ្លើងអគ្គិសនីខូចខាតយ៉ាងដំណំ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា