សន្ដិសុខសង្គម

ពលរដ្ឋចាប់បានស្ត្រីម្នាក់ករណីលូកហោប៉ៅយកប្រគល់ឱ្យសមត្ថកិច្ច

បាត់ដំបង៖ ភ្ញាក់ផ្អើលពេញផ្សារស្រុកថ្មគោល ក្រោយកើតឡើងនូវករណីចោរស្រីលូកហោប៉ៅយកលុយ ត្រូវពលរដ្ឋចាប់បានហើយយកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីបន្លំលួចលូកហោប៉ៅខោខាងលើ​បានបង្កការភ្ញាក់ផ្អើលឡើងនៅផ្សារថ្មគោល ក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី ២៧ ខែមីនា។

ក្រោយសាកសួរជនសង័្សយបានប្រាប់ថា ខ្លួនឈ្មោះសុខ ចិន្តា អាយុ ៤០ឆ្នាំ នៅភូមិកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ចំណែកឯជនរងគ្រោះឈ្មោះហាប់ រំដួល អាយុ ៣៩ឆ្នាំ នៅភូមិតាសី ឃុំតា​ម៉ឺន ស្រុកថ្មគោល។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅព្រឹកកើតហេតុស្ត្រីរូបនោះបានធ្វើសកម្មភាពលូកហោប៉ៅ​របស់ជនរងគ្រោះ ដោយពេលកំពុងបន្លំលូកជនរងគ្រោះបានដឹងខ្លួនទាន់ ។លុយដែលលូកជិតបានសម្រេចនោះធ្លាក់រាយប៉ាយ ភ្លាមនោះក៏ចាប់ផ្តើមភ្ញាក់ផ្អើលដល់បងប្អូនអ្នកដើរផ្សារផ្សេងទៀត។

ឆ្លងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ កម្លាំងផ្នែកជំនាញបានរៀបចំសំណុំ​រឿងបញ្ជូនជនសង័្សយមកកាន់ផែនជំនាញអនុវត្តបន្តតាមច្បាប់។ រីឯប្រាក់ជាភស្តុតាងចំនួន២៥០.០០០រៀលបានប្រគល់ជូនម្ចាស់ដើមវិញ៕ដោយ: ព្រះអង្គខ្មៅ