អន្តរជាតិ

បាតុកម្មគ្រោងបន្តធ្វើឡើងនៅថ្ងៃចន្ទក្នុងប្រទេសអាល្លឺម៉ង់ទាមទារដំឡើងប្រាក់ឈ្នួល

បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលនៅប្រទេសអាល្លឺម៉ង់គ្រោងនឹងបន្តធ្វើឡើងនៅថ្ងៃចន្ទទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ ដោយនឹងប៉ះពាល់ដល់សេវាកម្មផ្លូវដែក និងអាកាសយានដ្ឋាន។

យោងតាមបទសម្ភាសន៍សហជីពដែលបានចេញផ្សាយដោយកាសែតអាល្លឺម៉ង់ Bild am Sonntag កាលពីថ្ងៃអាទិត្យទី ២៦ ខែមីនា បានឲ្យដឹងថា បាតុកម្មទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាច្រើន​ពាន់នាក់ គ្រោងនឹងបន្តធ្វើឡើងម្តងទៀតនៅថ្ងៃចន្ទ បន្ទាប់ពីវាបានចាប់ផ្តើមរួចហើយនៅ​អាកាសយានដ្ឋាន Munich កាលពីថ្ងៃអាទិត្យ ដែលក្រុមប្រឹក្សាជើងហោះហើរបានបង្ហាញពីការ​លុបចោល​ជើងហោះហើរជាច្រើន។ លោក Frank Werneke ប្រធានសហជីពការងារ Verdi បានប្រាប់ Bild am Sonntag ថា “ប្រជាជនមិនត្រឹមតែទទួលបានប្រាក់កម្រៃទាបប៉ុណ្ណោះទេ ពួកគេត្រូវបានធ្វើការ​ហួសកម្លាំងដោយអស់សង្ឃឹម”។

កូដកម្មដែលគ្រោងនឹងចាប់ផ្តើមជាចម្បងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ និងប៉ះពាល់ដល់សេវាកម្ម​ពេញមួយថ្ងៃចន្ទ នឹងក្លាយជាសកម្មភាពចុងក្រោយបំផុតក្នុងវិស័យឧស្សាហកម្ម និងការតវ៉ាជាច្រើនខែ ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបធំៗ ដោយសារតម្លៃអាហារ និងថាមពលខ្ពស់ជាងកម្រិត​ជីវភាពរស់នៅ។ បើតាមសហជីព បាតុកម្មគឺធ្វើឡើងដើម្បីតវ៉ាតំណាងក្នុងនាមបុគ្គលិកប្រហែល ២.៥ លាននាក់នៅក្នុង   វិស័យសាធារណៈ រួមមានទាំងការដឹកជញ្ជូនសាធារណៈ រថភ្លើង រថយន្តក្រុង និងនៅអាកាសយានដ្ឋានជាដើម។ សហជីពកំពុងទាមទារដំឡើងប្រាក់ឈ្នួល ១០.៥% ដែលជាចំនួនមួយនឹងដាក់សម្ពាធរដ្ឋាភិបាលឲ្យដំឡើងប្រាក់បន្ថែម ៥០០ អឺរ៉ូ (៥៣៨ដុល្លារទៀត) ក្នុងមួយខែ។ គួរដឹងថា តម្លៃអ្នកប្រើប្រាស់អាល្លឺម៉ង់បានកើនឡើងច្រើនជាងការរំពឹងទុកកាលពីខែកុម្ភៈ – កើនឡើង ៩.៣% ធៀបនឹងឆ្នាំទៅមុន។

យ៉ាងណាក្តី ប្រតិបត្តិករផ្លូវដែកហៅថា Deutsche Bahn របស់ប្រទេសនេះបានថ្កោលទោសផែនការ​នេះថាហួសហេតុ និងមិនយោគយល់ ហើយអំពាវនាវឱ្យកម្មករត្រឡប់មកតុចរចាវិញ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា