អន្តរជាតិ

ណាតូ សហភាពអឺរ៉ុបផ្អើលឈូឆរក្រោយរុស្ស៊ីប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស

អង្គការណាតូ និងសហភាពអឺរ៉ុប នាំគ្នាផ្អើលឈូឆរ និងថ្កោលទោសរុស្ស៊ីយ៉ាងខ្លាំងកាលពីចុងសប្តាហ៍​នេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុង​ប្រទេសបេឡារុស។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានជំរុញប្រទេសបេឡារុសកុំធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីឲ្យសោះ ដោយព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើអនុញ្ញាតឱ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ​ចូលនោះ។ ណាតូបានរិះគន់លោក វ្ល៉ាឌីមៀរ ពូទីន ចំពោះអ្វីដែលខ្លួនហៅថា វោហារសាស្ត្រនុយក្លេអ៊ែរ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានប្រកាសថា ប្រទេសរបស់គាត់នឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស។

លោក ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា ការដាក់ពង្រាយនេះគឺស្រដៀងគ្នាទៅនឹងការ​ផ្លាស់ប្តូររបស់សហរដ្ឋអាម៉េរិក ដែលរក្សាទុកអាវុធបែបនេះនៅក្នុងមូលដ្ឋានទូទាំងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ដែលជាសម្ព័ន្ធមិត្តលោកខាងលិច។ តាមសម្រង់ដោយ​អាល់ចាហ្សេរ៉ា លោកពូទីនបាននិយាយយ៉ាងខ្លីថា “ការដាក់ពង្រាយនេះមិនខុសពីអាម៉េរិកឡើយ អាម៉េរិកដាក់បាន រុស្ស៊ីក៏ដាក់បាន”។

អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បាននិយាយថា “ការលើកឡើងរបស់រុស្ស៊ីចំពោះ​ការ​ចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូគឺជាការយល់ច្រឡំទាំងស្រុងហើយ។ សម្ព័ន្ធមិត្ត NATO ធ្វើសកម្មភាពនេះដោយគោរពទាំងស្រុងចំពោះការប្តេជ្ញាចិត្តអន្តរជាតិទេតើ”។

យ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក John Kirby ប្រាប់ទៅកាន់ប្រភព CBS News សហរដ្ឋអាម៉េរិកមិនទាន់រកឃើញការបង្ហាញណាមួយថារុស្ស៊ី​បានផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរនៅឡើយទេ។ “យើងមិនបានឃើញការចង្អុលបង្ហាញណាមួយដែលថា [ពូទីន] បានធ្វើតាមការសន្យានេះ ឬផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរណាមួយឡើយ”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា