សន្ដិសុខសង្គម

ដំរីញីមួយក្បាលរអិលជើងធ្លាក់ចំណោតភ្នំងាប់ហើមស្អុយទើបដឹង

មណ្ឌលគិរី៖សត្វដំរីព្រៃញីមួយក្បាល សង្ស័យរអិលជើងធ្លាក់ពីលើជម្រាលភ្នំបណ្តាលឱ្យងាប់​ហើមស្អុយទើបប្រជាពលរដ្ឋប្រទះឃើញ។

សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមីនានេះថា ករណីប្រទះឃើញសាកសពសត្វដំរីព្រៃញីមួយ​ក្បាលនៅចំណោតភ្នំថ្មមួយត្រង់ក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រុមការងារបានចុះពិនិត្យរួចហើយ។

មន្ត្រីដដែលបានបន្តថា សត្វដំរីព្រៃញីនេះសង្ស័យរអិលជើងធ្លាក់ពីលើច្រាំងភ្នំ ហើយបានងាប់កាលពីប៉ុន្មានថ្ងៃមុន។លុះហើមស្អុយទើបពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ។ក្រុមការងារដែលចុះទៅនោះមានកម្លាំងនគរបាលស្រុកអូររាំង-មន្ត្រីបរិស្ថាន-ក្រុមអង្គការWCS-WWF និងពលរដ្ឋក្នុងមូលដ្ឋាន។

ពេលចុះពិនិត្យ ក្រុមការងារបានសន្និដ្ឋានថា ដំរីព្រៃញីងាប់ជាប់អូរមានភិនភាគហើមស្អុយ លើសណ្ឋានដីច្រាំងថ្មចោតខ្លាំង។សត្វដំរីមានបណ្តោយ៤,២ម៉ែត្រ-កម្ពស់២,៣ម៉ែត្រ-ទំហំជើងមុខ០,៧២ម៉ែត្រនិងជើងក្រោយ០,៥៨ម៉ែត្រ។ក្រុមការងារបានពិនិត្យដំរីដែលងាប់នោះ មិនមានកូននៅក្នុងពោះឡើយ។វាបានជួបគ្រោះថ្នាក់អាចបណ្ដាលមកពីធ្លាក់ចំណោតភ្នំចុះមកក្រោម៕ដោយ:សុខុម