អន្តរជាតិ

ជនជាតិគុយបា២នាក់ប្តូរជីវិតជិះម៉ាស៊ីនកែច្នៃហោះចូលអាកាសយានដ្ឋានអាម៉េរិក

កែសម្រួល៖ រ៉ាម៉េត

ជនអន្តោប្រវេសន៍គុយបាពីរនាក់បានលួចចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ Key West ក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃសៅរ៍ដោយប្រើឧបករណ៍កែច្នៃអាចហោះហើរតាមអាកាសបានដូចក្នុងរូបភាពនេះបង្កឲ្យមានការភ្ញាក់ផ្អើលពេញពិភពលោក។

យោងតាមការិយាល័យតម្រួតក្រុង Monroe បានឱ្យដឹងថា អ្នកទាំងពីរបានមកដល់នៅព្រឹកម៉ោង 10:30 ថ្ងៃសៅរ៍ ពួកគេបានចុះចតដោយសុវត្ថិភាព។ ក្រុមមន្ត្រីបាននិយាយថាបុរសទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនៃកងល្បាតព្រំដែនសហរដ្ឋអាម៉េរិកភ្លាមៗបន្ទាប់ពីចុះចត។

លោក Richard Strickland នាយកអាកាសយានដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិ Key West បាននិយាយថា “មិនមានការរំខាននៅក្នុងសេវាកម្មនោះទេ ហើយប្រតិបត្តិការក៏ដំណើរការដូចធម្មតា” ។

អាម៉េរិកបានជួបប្រទះការកើនឡើងនៃជនចំណាកស្រុកខុសច្បាប់ មកពីប្រទេសគុយបាក្នុងប៉ុន្មានខែថ្មីៗនេះ ភាគច្រើនមកតាមសមុទ្រមិនមានមកតាមអាកាសដូចលើកនេះទេ។

ភាពលំបាកខាងសេដ្ឋកិច្ច និងការដឹកនាំបែបកុម្មុយនិស្តផ្តាច់ការ បន្តរបស់ប្រទេសនេះបានជំរុញប្រជាជនគុយបារាប់ពាន់នាក់ឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រផ្លរីដាដើម្បីចូលអាម៉េរិក។

ប្រធានភ្នាក់ងារល្បាតព្រំដែនអាម៉េរិក លោក Walter Slosar បានប្រាប់ថា  ចាប់តាំងពីថ្ងៃទី 1 ខែតុលាមក ទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ Miami បានរកឃើញ “ការកើនឡើងជាង 400 ភាគរយនៃការជួបជនចំណាកស្រុក”ខុសច្បាប់នេះ ៕